រដ្ឋមន្ត្រី ថោ ជេដ្ឋា ជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយនិវត្តជន និងមន្ដ្រីរាជការ នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប
08-10-2026 15:46
(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិវត្តជន ជាអតីតមន្ត្រីរាជការ នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដោយមានមន្ត្រីនិវត្តជន និងមន្ត្រីរាជការចូលរួមសរុបប្រមាណ ៣៥០នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិវត្តជនទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលពោរពេញដោយភាពស្និទ្ធស្នាលនាពេលនេះ។
លោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះគំរូវីរភាព ស្មារតីលះបង់ និងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់និវត្តជន ដែលជាអតីតមន្រ្តីរាជការ ធ្លាប់បម្រើការងារនៅក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបទាំងអស់ ក្នុងរយៈពេលកន្លងមក និងបានគូសបញ្ជាក់ថា សមិទ្ធផល និងការរីកចម្រើនលើវិស័យធនធានទឹក និងឧតុនិយម នាពេលបច្ចុប្បន្ន គឺមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកដ៏ធំធេង និងការជួយជ្រោមជ្រែងពីសំណាក់មន្ត្រីរាជការ ជំនាន់មុនៗបានឡើយ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានសម្តែងនូវកតញ្ញុតាធម៌ដឹងគុណយ៉ាងជ្រាលជ្រៅ និងបានគោរពជូនពរដល់និវត្តជនទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ និងជួបប្រទះតែសេចក្តីសុខក្នុងក្រុមគ្រួសារ។
លោករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភនូវថវិកា និងអំណោយអនុស្សាវរីយ៍មួយចំនួន ដើម្បីជាការលើកទឹកចិត្ត និងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការចងចាំរវាងថ្នាក់ដឹកនាំជំនាន់ក្រោយ និងមន្ត្រីរាជការចូលនិវត្តន៍ផងដែរ៕














































