ក្រុមយុវជនខេត្តតាកែវ បង្ហាញឆន្ទៈខ្ពស់ក្នុងការបំពេញកាតព្វកិច្ចយោធា
08-10-2026 15:16
(តាកែវ)៖ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ យុវជនខ្មែរទាំងពីរភេទដែលមានអាយុចន្លោះពី១៨ ដល់២៥ឆ្នាំ ក្នុងខេត្តតាកែវ បានបង្ហាញនូវស្មារតីស្នេហាជាតិយ៉ាងក្លៀវក្លា ដោយបានស្ម័គ្រចិត្តមកដាក់ពាក្យសុំ ចូលបំពេញកាតព្វកិច្ចយោធាយ៉ាងច្រើនកុះករ។
ដំណើរការទទួលពាក្យនេះត្រូវបានរៀបចំឡើងយ៉ាងរលូននៅតាមបណ្តាទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថទាំង១០ក្រុងស្រុកក្នុងខេត្តតាកែវ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីកងរាជអាវុធហត្ថ។
យុវជនជាច្រើនបានសម្តែងក្តីសប្បាយរីករាយក្នុងការមកដាក់ពាក្យបំពេញកាតព្វកិច្ចយោធាតាមច្បាប់កំណត់ ដោយចាត់ទុកថាការចូលហ្វឹកហាត់នេះនឹងផ្តល់នូវចំណេះដឹង និងបទពិសោធន៍លើវិស័យយោធា។ ពួកគេបានលើកឡើងថា ការត្រៀមខ្លួននេះមានសារៈសំខាន់ណាស់ ដើម្បីងាយស្រួលចូលបម្រើកងទ័ព ការពារជាតិមាតុភូមិ ប្រសិនបើមានការឈ្លានពានពីបរទេស។
យុវជន ខុន រតនា មកពីស្រុកត្រាំកក់ បានបញ្ជាក់ពីក្តីស្រឡាញ់ពេញចិត្តក្នុងការហ្វឹកហាត់ទាហាន និងទឹកចិត្តស្នេហាជាតិ។
ចំណែកយុវជន ជ័យ សុវណ្ណ មកពីក្រុងដូនកែវ ក៏បានថ្លែងដែរថា ការមកបំពេញពាក្យកាតព្វកិច្ចយោធានេះ គឺពុំមានការបង្ខិតបង្ខំឡើយ ផ្ទុយទៅវិញមានតែការលើកទឹកចិត្តពីឪពុកម្តាយថែមទៀតផង។ លោកបានបន្ថែមថា នេះជាឱកាសដ៏ល្អក្នុងការបម្រើជាតិ និងចូលរួមការពារបូរណភាពទឹកដី។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ បានបង្ហាញថា គិតត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ មានយុវជនសរុបចំនួន ៥២០នាក់ ក្នុងនោះមានស្ត្រី ៧៦នាក់ បានមកទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា។ ការចូលរួមយ៉ាងសកម្មនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈដ៏មុតមាំរបស់យុវជនក្នុងការរួមចំណែកដល់កិច្ចការពារជាតិមាតុភូមិ៕















