FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមិទ្ធផលថ្មីសម្រាប់ខេត្តឧត្តរមានជ័យ៖ ផ្លូវភ្លោះបេតុងអាមេប្រវែងជាង ៣គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

08-10-2026 15:11

(ឧត្តរមានជ័យ)៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀត បានលេចរូបរាងនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយផ្លូវភ្លោះបេតុងអាមេប្រវែង ៣,៤៦០ម៉ែត្រ ទទឹង១៥ម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការមន្ទីរ អង្គភាព ជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ផុន ចាន់និល អភិបាលក្រុងសំរោង បានថ្លែងឱ្យដឹងថា ផ្លូវភ្លោះបេតុងអាមេនេះមានប្រវែង ៣,៤៦០ម៉ែត្រ ទទឹង១៥ម៉ែត្រ និងកម្រាស់២តឹក ព្រមទាំងមានការ៉ូឡាតាមសងខាងផ្លូវទំហំ២ម៉ែត្រ សួនច្បារនៅកណ្តាលទ្រូងផ្លូវ និងបំពាក់បង្គោលភ្លើងសូឡាដៃភ្លោះ ដោយតភ្ជាប់ពីរង្វង់មូលព្រះលោកេស្វរៈ ទៅកាន់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង។

ជាមួយគ្នានេះ ក៏មានការស្ថាបនាផ្លូវបេតុងអាមេចំនួន២ខ្សែបន្ថែមទៀត ប្រវែងសរុប២៧០ម៉ែត្រ ទទឹង១២ម៉ែត្រ និងការចាក់បេតុងអាមេលើទីធ្លាសួនទំហំប្រមាណ៦,០០០ម៉ែត្រការ៉េ ដែលបានចូលរួមបំពេញបន្ថែមលើសោភ័ណភាព និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងក្រុងសំរោង។

លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងលើកឡើងថា៖ សមិទ្ធផលថ្មីនេះ គឺជាសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់ខេត្ត និងជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ត ក្នុងការជំរុញការអភិវឌ្ឍមូលដ្ឋាន និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

លោកអភិបាលខេត្តបានថ្លែងបញ្ជាក់ទៀតថា ៖ផ្លូវថ្មីនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនកសិផល ក៏ដូចជាជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ឱ្យកាន់តែមានភាពរលូន និងប្រសើរឡើង។

លោក មាន ចាន់យ៉ាដា បានបន្តថា៖ ការអភិវឌ្ឍផ្លូវបេតុងដ៏ធំទូលាយ អមដោយប្រព័ន្ធភ្លើងបំភ្លឺសូឡា និងសួនច្បារដែលមានសោភ័ណភាព មិនត្រឹមតែជួយកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវវស្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុងសំរោង ឱ្យកាន់តែមានភាពស្រស់ស្អាត ស័ក្តិសមជាទីប្រជុំជនខេត្តព្រំដែនដែលមានសក្តានុពល និងបង្កើនមោទនភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមថែរក្សា ការពារ និងប្រើប្រាស់សមិទ្ធផលសាធារណៈនេះឱ្យបានគង់វង្ស ជៀសវាងសកម្មភាពដែលអាចបង្កការខូចខាតដោយចេតនា ឬដោយការធ្វេសប្រហែស។

លោកបានស្នើឱ្យប្រជាពលរដ្ឋជៀសវាងការចតយានយន្ត ឬលក់ដូរលើទ្រូងផ្លូវ និងលើការ៉ូឡា ការចតយានយន្តបង្កការប៉ះពាល់ដល់មាត់លូ ឬខឿនចិញ្ចើមផ្លូវ ការចោលសំរាមបង្កការកកស្ទះប្រព័ន្ធលូ ព្រមទាំងការបុកប៉ះ ឬចោលវត្ថុរឹងដែលអាចធ្វើឱ្យខូចអំពូលភ្លើង និងបង្គោលភ្លើង។

លោកអភិបាលខេត្ត ក៏បានអំពាវនាវឱ្យអ្នកបើកបរគ្រប់ប្រភេទគោរពច្បាប់ចរាចរណ៍ និងកំណត់ល្បឿន ដើម្បីចៀសវាងការបង្កគ្រោះថ្នាក់ និងរួមគ្នារក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសោភ័ណភាពតាមដងផ្លូវថ្មីនេះឱ្យបានល្អប្រសើរ និងគង់វង្សយូរអង្វែង៕