FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកណ្ដាល ជំរុញឲ្យអាជ្ញាធរក្រុង-ស្រុក ពន្លឿនការចេញលិខិតបញ្ជាក់ប្រតិបត្តិពិន្ទុជូនសិស្សានុសិស្ស

08-10-2026 15:08

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានទទូចអស់លោកអភិបាលក្រុង-ស្រុកទាំង១៣ រួមទាំងការិយាល័យច្រកចេញចូលតែមួយស្រុក-ក្រុង ត្រូវប្រញ៉ាប់ពន្លឿនការបញ្ជាក់ប្រតិបត្តិពិន្ទុជូនក្មួយៗ សិស្សានុសិស្សដែលទើបប្រលងជាប់ថ្មីៗ។ ការជំរុញនេះមានគោលបំណងធានាថា ពួកគាត់អាចបន្តការសិក្សានៅឧត្តមសិក្សានាពេលខាងមុខបានទាន់ពេលវេលា និងឆាប់រហ័ស។

លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា បើអាចធ្វើទៅបាន គួរអនុញ្ញាតឲ្យសិស្សានុសិស្សរង់ចាំយកលិខិតបញ្ជាក់នោះភ្លាមៗតែម្ដង ដើម្បីកាត់បន្ថយការធ្វើដំណើរទៅមកច្រើនដង ដែលអាចបណ្ដាលឲ្យពួកគាត់ខាតបង់ពេលវេលា និងថវិកា។ ការងារនេះត្រូវធ្វើឡើងដោយភាពរហ័សរហួន ដើម្បីជៀសវាងការវាយតម្លៃអវិជ្ជមានថា សូម្បីការងារតិចតួចក៏មានភាពយឺតយ៉ាវដែរ។

ការថ្លែងជំរុញនេះ ធ្វើឡើងក្នុងឱកាសពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកល្វាឯម កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ នៅសាលប្រជុំសាលាស្រុកល្វាឯម។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត។

ក្នុងពិធីនោះផងដែរ លោក ឃឹម សំភា ត្រូវបានផ្ទេរភារកិច្ចពីអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ មកកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកល្វាឯម ជំនួសលោក លីវ វណ្ណថេង ដែលត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ តាមអនុក្រឹត្យលេខ ៧៩៧ អនក្រ.តត ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦៕