សមរភូមិក្រោយ ជួយសមរភូមិមុខ! ប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសព្រះវិហារ
08-10-2026 15:00
(មណ្ឌលគិរី)៖ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោក គង់ គឹមនី អភិបាលខេត្ត បានអញ្ជើញដឹកនាំប្រតិភូរដ្ឋបាលមណ្ឌលគិរី ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនជួរមុខនារដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ។
នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ ប្រតិភូខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ នៅខេត្តព្រះវិហារ។
នាឱកាសនេះ ថ្នាក់ដឹកនាំខេត្ត ក៏បានប្រគល់អំណោយលើកទឹកចិត្តជាស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមជាមួយថវិកាមួយចំនួន ដែលទទួលបានពីមន្រ្តីរាជការ និងសប្បុរសជននានា ក្នុងខេត្តមណ្ឌលគិរី ផ្តល់ជូនដល់វីរកងទ័ពនៅសមរភូមិមុខទិសព្រះវិហារ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំនេះ។
ក្នុងឱកាសនោះ លោក គង់ គឹមនី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែនទាំងអស់ ដែលបានយកទ្រូងទៅធ្វើជាខែលការពារជាតិ និងប្រជាជនពីចោរឈ្លានពាន។
លោកអភិបាលបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការថែរក្សាការពារនូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលសម្រេចបានដោយសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី តាមរយៈការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ។
លោកបានថ្លែងនូវការកោតសរសើរចំពោះភាពអត់ធ្មត់ខ្ពស់បំផុតរបស់កងកម្លាំងជួរមុខទាំងអស់ ដែលបានគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ទោះបីមានការញុះញង់ អុចអាល និងការប៉ុនប៉ងបង្កសង្គ្រាមពីចោរឈ្លានពានយ៉ាងណាក្តី៕


















