ក្រុមយុវជនគម្រោង «ឫសឈើ» សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើកំពត និងរដ្ឋបាលស្រុកជុំគិរី នាំយកអំណោយឧបត្ថម្ភដល់សហគមន៍ព្រៃឈើចំនួន៤ និងចុះពិនិត្យកូនឈើ ២,០០០ដើម
08-10-2026 14:57
(កំពត)៖ ក្រុមយុវជនគម្រោង «ឫសឈើ» ដឹកនាំដោយយុវជន កើត សុវណ្ណរាជ្យ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នេះ បានសហការជាមួយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត និងរដ្ឋបាលស្រុកជុំគិរី នាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ទៅឧបត្ថម្ភជូនដល់សហគមន៍ព្រៃឈើចំនួន ៤ និងប្រជាពលរដ្ឋក្នុងសហគមន៍ព្រៃឈើព្រៃខ្មៅ ដើម្បីជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សធនធានធម្មជាតិក្នុងមូលដ្ឋាន។
ពិធីនេះមានការចូលរួមដោយ លោកស្រី ង៉ែត សូរ្យសែង អភិបាលស្រុកជុំគិរី និងលោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត ដោយក្នុងនោះអំណោយដែលត្រូវបាននាំយកទៅចែកជូន រួមមាន៖
១. ឧបត្ថម្ភដល់គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន ៤ (រួមមាន៖ សហគមន៍ព្រៃឈើព្រៃខ្មៅ, សហគមន៍ព្រៃឈើដំណាក់អ្នកតាថ្មពូន, សហគមន៍ព្រៃឈើថ្មសរូងខ្លា និងសហគមន៍ព្រៃឈើដំណាក់រលុះបវរថ្មធំ) ដោយក្នុងមួយសហគមន៍ទទួលបាន៖ ថវិកាចំនួន ១០០,០០០ រៀល, មី ៣ កេស, ត្រីខ ២ យួរ (ស្មើ ២០ កំប៉ុង), ទឹកត្រី ២ យួរ (ស្មើ ១២ ដប), ទឹកស៊ីអ៊ីវ ២ យួរ (ស្មើ ១២ ដប), ទឹកដោះគោខាប់ ៦ កំប៉ុង, ស្រាបៀរ ២ កេស។
២. ឧបត្ថម្ភដល់ប្រជាសហគមន៍ព្រៃឈើព្រៃខ្មៅ ចំនួន ១៤៨ គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ ថវិកាចំនួន ១០,០០០ រៀល, មី ១០ កញ្ចប់, ត្រីខ ២ កំប៉ុង, ទឹកត្រី ២ ដប, ទឹកស៊ីអ៊ីវ ២ ដប, ទឹកដោះគោខាប់ ២ កំប៉ុង។
ទន្ទឹមនឹងនេះ គម្រោងក៏បានឧបត្ថម្ភថវិកាចំនួន ១០០,០០០ រៀល ជូនដល់អ្នកសម្របសម្រួលគម្រោងស្តារព្រៃឈើឡើងវិញ នៅក្នុងសហគមន៍ព្រៃឈើព្រៃខ្មៅផងដែរ។
បន្ទាប់ពីកម្មវិធីប្រគល់អំណោយរួចមក ក្រុមការងារគម្រោង «ឫសឈើ» រួមជាមួយលោកស្រីអភិបាលស្រុក និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានចុះពិនិត្យស្ថានភាពកូនឈើប្រណិតប្រភេទ «ធ្នង់» និង «ក្រញូង» ចំនួន ២,០០០ ដើម ដែលបានដាំកន្លងមក។ ជាលទ្ធផល គេសង្កេតឃើញថាកូនឈើទាំងអស់កំពុងដុះលូតលាស់បានយ៉ាងល្អប្រសើរ ដែលកត្តានេះកើតចេញពីស្មារតីទទួលខុសត្រូវ និងការចូលរួមថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្រជាសហគមន៍ព្រៃឈើព្រៃខ្មៅទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា គម្រោង «ឫសឈើ» នៅស្រុកជុំគិរី គឺជាគំនិតផ្តួចផ្តើមដ៏មានអត្ថន័យរបស់ក្រុមយុវជនមួយក្រុម ដឹកនាំដោយយុវជន កើត សុវណ្ណរាជ្យ ក្នុងគោលបំណងស្តារ និងដាំដើមឈើឡើងវិញ ដើម្បីថែរក្សា បង្កើនគម្របបៃតង កាត់បន្ថយការប្រែប្រួលអាកាសធាតុ ក៏ដូចជាចូលរួមចំណែកទាក់ទាញវិស័យទេសចរណ៍ធម្មជាតិក្នុងតំបន់។ គម្រោងនេះមានរយៈពេលអនុវត្តចំនួន ៣ ឆ្នាំ (២០២៦-២០២៨) ដោយបានកំណត់គោលដៅដាំកូនឈើឱ្យបានសរុបចំនួន ១០,០០០ ដើម នៅក្នុងដែនសហគមន៍ព្រៃឈើព្រៃខ្មៅ ស្រុកជុំគិរី ខេត្តកំពត៕













