អភិបាលខេត្តកណ្ដាល ជំរុញអ្នកសារព័ត៌មានរួមគ្នាផ្សាយព័ត៌មានពិត និងប្រាប់មន្ត្រីឱ្យសហការ ដោយចាត់ទុកអ្នកសារព័ត៌មានជាដៃគូ មិនមែនជាសត្រូវនោះឡើយ
08-10-2026 14:59
(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានសម្ដែងការស្វាគមន៍ចំពោះ ការចូលរួមរបស់អ្នកសារព័ត៌មាន ក្នុងការតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងហេដ្ឋរចនាសម្ព័ន្ធនាពេលកន្លងមក ក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងព័ត៌មានពិតផ្សេងៗទៀតជុំវិញខេត្ត ខណៈដែលជំរុញឱ្យមន្ត្រីទាំងអស់ត្រូវសហការដាច់ខាត និងមិនត្រូវចាត់ទុកអ្នកកាសែតវិជ្ជាជីវៈជាសត្រូវនោះឡើយ។
លោកអភិបាលខេត្តថ្លែងបែបនេះរបស់លោក គួច ចំរើន បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកចំនួន៣ នៃរដ្ឋបាលខេត្តកណ្តាល នាពេលថ្មីៗនេះ។
លោកអភិបាលខេត្ត ក៏ក៏បានអំពាវនាវបងប្អូនអ្នកសារព័ត៌មានទាំងអស់ ចុះចូលរួមពិនិត្យ និងធ្វើតេស្តជាក់ស្ដែង ជាមួយក្រុមការងារត្រួតពិនិត្យបច្ចេកទេសខេត្ត ដើម្បីយកលទ្ធផលពិតប្រាកដ ជាមូលដ្ឋានក្នុងការផ្សព្វផ្សាយបំភ្លឺសាធារណមតិវិញ ដែលនេះជាការផ្សាយប្រកបដោយវិជ្ជាជីវៈ និង តម្លាភាព។
លោកអភិបាលខេត្តកណ្ដាល បានគូសបញ្ជាក់ថា កន្លងមកមានការផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ប្រើប្រាស់មូលនិធិឃុំ-សង្កាត់ និងក្រុង-ស្រុក។ ដូចនេះ នៅពេលក្រុមការងារបច្ចេកទេសខេត្តចុះពិនិត្យ សូមអ្នកសារព័ត៌មានចូលរួមពិនិត្យ និងធ្វើតេស្តជាក់ស្តែង ចៀសវាងការសន្និដ្ឋាន ឬការដាក់ការសង្ស័យដោយគ្មានមូលដ្ឋានបច្ចេកទេសច្បាស់លាស់ បង្ករការភ័ន្ដច្រឡំដល់សាធារណៈមតិ។
លោក គួច ចំរើន បានបន្ថែមថា ប្រសិនបើអ្នកសារព័ត៌មាន បានចូលរួមត្រួតពិនិត្យគ្រប់ដំណាក់កាល និងផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងតម្លាភាព រដ្ឋបាលខេត្តនឹងផ្តល់ប័ណ្ណសរសើរជូន ដើម្បីឆ្លើយតបទៅនឹងការរួមចំណែកកែលម្អពិតប្រាកដ។
នៅក្នុងឱកាសនោះដែរ លោក គួច ចំរើន បានណែនាំដល់លោក ថន សុវណ្ណា អភិបាលស្រុកលើកដែក ដែលទើបតែងតាំងថ្មី, លោក ចាន ច័ន្ទវិទ្យា អភិបាលស្រុកកណ្ដាលស្ទឹងថ្មី, លោក ឃឹម សំភារ អភិបាលស្រុកល្វាឯមថ្មី ឱ្យយកចិត្តទុកដាក់ខ្ពស់លើការ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ បន្តកែលម្អការផ្តល់សេវាសាធារណៈ ជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងតម្លាភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕












