FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាល ស្តីពី «ការបង្កើនចំណេះដឹងលើតម្លៃអង្គរ និងកិច្ចការអភិរក្ស» ដើម្បីពង្រឹងសមត្ថភាពការអប់រំបេតិកភណ្ឌដល់មន្ត្រី និងភ្នាក់ងារទេសចរណ៍

08-10-2026 13:41

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើនចំណេះដឹងលើតម្លៃអង្គរ និងកិច្ចការអភិរក្ស» ដើម្បីពង្រឹងសមត្ថភាពការអប់រំបេតិកភណ្ឌដល់មន្ត្រី និងភ្នាក់ងារទេសចរណ៍ចំនួន៤០នាក់ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងចម្បងក្នុងការផ្ទេរចំណេះដឹង និងអប់រំស៊ីជម្រៅ អំពីប្រវត្តិសាស្ត្រ អារ្យធម៌ សិលាចារឹក តម្លៃអក្សរសាស្ត្រខ្មែរ បេតិកភណ្ឌអរូបី ព្រមទាំងជំនឿ និងពិធីបុរាណផ្សេងៗរបស់ប្រជាជននៅតំបន់អង្គរ។

ការអប់រំបំប៉ននេះ នឹងជួយឱ្យភ្នាក់ងារទេសចរណ៍ដែលបំពេញការងារផ្ទាល់នៅតាមប្រាសាទបុរាណ មានមូលដ្ឋានចំណេះដឹងច្បាស់លាស់ ក្នុងការចែករំលែក និងបកស្រាយព័ត៌មានប្រកបដោយប្រភពច្បាស់លាស់ជូនដល់សាធារណជន និងទេសចរ។

លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាស្ពានតភ្ជាប់រវាងអតីតកាលដ៏រុងរឿងនៃអង្គរមក មន្ត្រី-បុគ្គលិកដែលជាអ្នកស្រុកអង្គរ ហើយកំពុងបម្រើការនៅអង្គរ ក្នុងការស្វែងយល់បន្ថែម និងបង្កើនចំណេះដឹងអំពីប្រវត្តិដូនតារបស់ខ្លួន។

លោកបានបន្ថែមថា ការអប់រំពង្រឹងជំនាញជាប្រចាំនេះ នឹងធ្វើឱ្យភ្នាក់ងារទេសចរណ៍ទាំងអស់ ក្លាយជា «អ្នកអប់រំបេតិកភណ្ឌ» និងជាប្រតិបត្តិករដែលមានការទទួលខុសត្រូវខ្ពស់ ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាព។

លោក អ៊ឹម សុខរិទ្ធី ក៏បានសម្តែងក្តីសង្ឃឹមថា ដំណើរការអប់រំ និងបណ្តុះបណ្តាលនេះ នឹងមិនបញ្ចប់ត្រឹមវគ្គនេះឡើយ។ អាជ្ញាធរជាតិអប្សរា នឹងបន្តរៀបចំការសិក្សាបំប៉នបន្ថែម ជាបន្តបន្ទាប់ទៀត (វគ្គទី២) ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងយល់ និងការចង់ចេះចង់ដឹងបន្ថែមរបស់មន្ត្រី-បុគ្គលិក។

នៅក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ អ្នកជំនាញ និងវាគ្មិនកិត្តិយសចំនួន ៤រូប បានធ្វើបទបង្ហាញអប់រំយ៉ាងស៊ីជម្រៅលើប្រធានបទសំខាន់ៗ រួមមាន៖
* ការសិក្សាអំពីប្រវត្តិសាស្ត្រ និងរចនាសម្ព័ន្ធទីក្រុងបុរាណ៖ ការអប់រំអំពីភូមិសាស្ត្រ ប្រព័ន្ធសុខាភិបាល/មន្ទីរព្យាបាល ប្រព័ន្ធអប់រំ និងការរៀបចំដែនដីក្នុងសម័យបុរាណ។
* ប្រវត្តិសាស្ត្រ និងនីតិវិធីនៃការអភិរក្ស៖ ដំណើរការសិក្សាស្រាវជ្រាវ ការដាក់បញ្ចូលអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងតម្លៃលេចធ្លោជាសកល។
* ការសិក្សាអំពីបេតិកភណ្ឌរូបី និងអរូបី៖ ទំនាក់ទំនងរវាងមនុស្សនិងប្រាសាទ ព្រមទាំងការអភិរក្សបេតិកភណ្ឌរស់។
* សិលាចារឹក និងតម្លៃនៃអក្សរសាស្រ្តខ្មែរ៖ ការបណ្តុះបណ្តាលឱ្យយល់ដឹងអំពីសិលាចារឹក ដែលជា «បណ្ណសារប្រវត្តិសាស្ត្រដ៏រស់រវើក» ក្នុងការកត់ត្រានូវព្រឹត្តិការណ៍នយោបាយ សាសនា សេដ្ឋកិច្ច និងសង្គមសម័យបុរាណ។

ទន្ទឹមនឹងនេះ វគ្គសិក្សាបានរំលេចយ៉ាងច្បាស់អំពីតម្លៃមហាសាលនៃអក្សរសាស្ត្រ និងភាសាខ្មែរ ដែលជាអត្តសញ្ញាណ គ្រឹះនៃទស្សនវិជ្ជា និងជាឧបករណ៍ឆ្លុះបញ្ចាំងពីវិវឌ្ឍនភាព នៃប្រាជ្ញាញាណ របស់ដូនតាខ្មែរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ដើម្បីបណ្ដុះស្មារតីមន្ត្រី-បុគ្គលិកឱ្យមានមោទនភាព និងចូលរួមថែរក្សាអក្សរសាស្ត្រជាតិឱ្យបានគង់វង្ស៕