FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងខេត្តបាត់ដំបង ក្នុងការជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ​ ដែលរងផលប៉ះពាល់ពីសង្រ្គាម​ និងទឹកជំនន់ (Video inside)

08-10-2026 12:32

(បាត់ដំបង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោតសរសើរចំពោះមន្ត្រីរាជការនិង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់នៅក្នុងខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការអភិវឌ្ឍខេត្តនិងជួយសង្គ្រោះ ព្រមទាំងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

សម្តេចបវរធិបតីបានគូសបញ្ជាក់ថា ខេត្តបាត់ដំបង ដែលជាខេត្តមួយក្នុងចំណោមខេត្តតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានប្រឈមមុខនឹងបញ្ហាធំៗជាច្រើនដែលមិនបានព្យាករទុកក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ជាពិសេសេបញ្ហាធំៗពីរដែលបានជះឥទ្ធិពលផ្ទាល់ដល់ខេត្តនេះ រួមមានបញ្ហាសង្គ្រាមឈ្លានពានដែលកើតមាននៅតាមបណ្តាស្រុកជាប់ព្រំដែន និងបញ្ហាទឹកជំនន់ដែលទើបនឹងកើតមាននាពេលថ្មីៗនេះ។ បញ្ហាទាំងនេះបានធ្វើឱ្យខេត្តបាត់ដំបងក្លាយជាខេត្តជួរមុខដែលត្រូវប្រឈមផ្ទាល់ ហើយប្រជាពលរដ្ឋក្នុងខេត្តក៏ជាអ្នកដែលរងផលប៉ះពាល់ផ្ទាល់ផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ​បែបនេះក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅខេត្តបាត់ដំបង​ នៅថ្ងៃទី​៨​ខែតុលា​ ឆ្នាំ​២០២៦នេះ។

សម្តេចប​វរធិបតីបានបន្ថែមថា ក្នុងដំណាក់កាលនៃការផ្ទុះអាវុធកន្លងទៅនេះ បណ្តាស្រុកមួយចំនួននៅតាមព្រំដែនរបស់ខេត្តបាត់ដំបង ដូចជា ស្រុកភ្នំព្រឹក កំរៀង និងសំឡូត ជាដេីម​បានជួបប្រទះនូវការប្រយុទ្ធគ្នា ការប្លន់ និងការវាយចូលទៅលើចំណុចមួយចំនួននៅតាមទីតាំងព្រំដែន ដែលបណ្តាលឱ្យប្រជាពលរដ្ឋមួយចំនួនរងគ្រោះ និងត្រូវការជំនួយជាប្រចាំ​ ហេីយថ្មីៗនេះ​ ក៏ជួបបញ្ហាគ្រោះទឹកជំនន់។

តែយ៉ាងណា​ កងកម្លាំងប្រដាប់អាវុធ ក៏ដូចមន្ត្រីរាជការគ្រប់ជាន់ថ្នាក់​ បានរួមគ្នា​ និងបានបំពេញតួនាទីយ៉ាងសកម្មក្នុងការការពារ និងជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយទាំងនេះ។ ការប្តេជ្ញាចិត្ត និងការលះបង់របស់អាជ្ញាធរ និងកងកម្លាំងទាំងអស់ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង៕