FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចនាយករដ្ឋមន្ត្រី៖ ថាមពលអគ្គិសនីផលិតដោយវារីអគ្គិសនី មិនមានបញ្ហាប្រែប្រួលថ្លៃទេ ទោះប្រេងឡើងថ្លៃ, រដ្ឋចំណាយ ៥០០លានដុល្លារ ទប់កុំឱ្យការឡើងថ្លៃប្រេងប៉ះពាល់ ដល់ជីវភាពប្រជាជន (Video inside)

08-10-2026 12:16

(បាត់ដំបង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ថាមពលអគ្គិសនីរបស់កម្ពុជា ដែលផលិតដោយវារីអគ្គិសនី ដែលជាថាមពលកកើតឡើងវិញ ឬថាមពលស្អាត មិនមានបញ្ហាឡើងថ្លៃទេ ទោះប្រេងឡើងថៃ តែប្រភពថាមពល ៣៨ភាគរយផ្សេងទៀត បានពីការប្រើធ្យូងថ្ម និងប្រេងខ្មៅ មានការប្រែប្រួលថ្លៃដោយសារតែការឡើងនៃថ្លៃប្រេង ប៉ុន្តែទោះបីជាមានការប្រែប្រួលក្តី រាជរដ្ឋាភិបាលបានអន្តរាគមន៍ មិនដំឡើងថ្លៃអគ្គិសនីនោះទេ។

សម្តេចបវរធិបតីបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ៥០០លានដុល្លារ ដើម្បីទប់នឹងវិបត្តិនៃការឡើងថ្លៃប្រេងឥន្ធន​ៈជាសកលនេះ ក្នុងនោះមានទាំងថវិកាអគ្គិសនីកម្ពុជា ៥០លានដុល្លារផងដែរ ធ្វើយ៉ាងកុំឱ្យការឡើងថ្លៃប្រេងនេះ ប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាពលរដ្ឋ។

ការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ​ជូននិស្សិត​សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦។

សម្តេចបានថ្លែងដូច្នេះថា៖ «ពេលប្រេងឡើងថ្លៃ យើងទម្លាក់អាករពិសេសដើម្បីជួយទប់ យើងចំណាយអស់៥០០លានដុល្លារ បូកជាមួយអគ្គិសនីកម្ពុជា ៥០លានដុល្លារផងដែរ [...] វារីអគ្គិសនីអត់ប៉ះពាល់ថ្លៃទេ កុងត្រារដ្ឋទិញប៉ុន្មានតម្លៃប៉ុណ្ណឹង ទោះបីប្រេងឡើង ឬចុះអត់ប៉ះពាល់ថ្លៃទេ។ ថាមពលកកើតឡើងវិញ (ថាមពលស្អាត) យើងផលិតបានតែ ៦២ភាគរយទេ សល់៣៨ភាគរយ យើងពឹងលើធ្យូងថ្ម ពឹងលើប្រេងខ្មៅ ដែលឡើងថ្លៃ។ អតិផរណាទំនិញដោយសារប្រេងឡើងថ្លៃ ការដឹកជញ្ជូនក៏ឡើងថ្លៃដែរ បើយើងមិនជួយទប់ គឺថ្លៃសាំង ម៉ាស៊ូតថ្លៃខ្ពស់ជាងនេះ ៥០០ទៅ៦០០រៀលក្នុង១លីត្រ យើងជួយទប់នេះចំណាយ ៥០០លានដុល្លារ»។

សូមជម្រាបថា ថ្មីៗនេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា សន្និធិប្រេង និងឧស្ម័នឥន្ធនៈកម្ពុជា នៅបន្តប្រក្រតីភាពនៃការផ្គត់ផ្គង់ ខណៈអគ្គិសនីនៅបន្តភាពរឹងមាំរបស់ខ្លួន ហើយរាជរដ្ឋាភិបាលនៅបន្តគាំពារថ្លៃ ដើម្បីបន្ថយបន្ទុកដល់ប្រជាពលរដ្ឋ។

តែយ៉ាងណាលោករដ្ឋមន្ត្រីបានអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជា ត្រូវប្រើប្រាស់ «ប្រេង ឧស្ម័នឥន្ធនៈ» ដោយការទទួលខុសត្រូវ និងមានការសន្សំសំចៃផងដែរ៕