សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំនិស្សិតថា កុំរៀនដើម្បីតែបានសញ្ញាបត្រ, ប៉ុន្តែត្រូវរៀនដើម្បីឱ្យមានសមត្ថភាព និងអាចធ្វើការបាន (Video inside)
08-10-2026 12:13
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដាំផ្ញើទៅកាន់សិស្ស-និស្សិត ឲ្យយកចិត្តទុកដាក់ក្នុងការសិក្សា ដែលការសិក្សានេះគឺត្រូវធ្វើឡើងដោយសកម្មភាពពេញមួយជីវិត។ ព្រោះពេលណាក៏ដោយ ក៏ត្រូវរៀន, ក៏ត្រូវយល់ដឹងនិងក៏ត្រូវស្រាវជ្រាវ ដោយត្រូវចងចាំថា «កុំរៀនដើម្បីតែបានសញ្ញាបត្រ, ប៉ុន្តែត្រូវរៀនដើម្បីឱ្យមានសមត្ថភាព និង អាចធ្វើការបាន»។ នេះបើតាមប្រសាសន៍របស់សម្ដេចនៅក្នុងឱកាស ដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្អូនៗនិស្សិតជ័យលាភី និងយកចំណេះ ជំនាញដែលក្រេបជញ្ជក់បានទៅបម្រើមាតុភូមិ ដោយប្រកាន់ភ្ជាប់នូវសីលធម៌ វិជ្ជាជីវៈ វិន័យ និងមនសិការស្នេហាជាតិ។ ម្យ៉ាងទៀតការសិក្សាជាសកម្មភាពពេញមួយជីវិត ពីព្រោះពេលណាក៏ត្រូវរៀន ក៏ត្រូវយល់ដឹង ក៏ត្រូវស្រាវជ្រាវដែលត្រូវចងចាំថា យើងមិនរៀនដើម្បីតែបានសញ្ញាបត្រ ប៉ុន្តែត្រូវរៀនដើម្បីឲ្យមានសមត្ថភាព និងអាចធ្វើបាន ដែលយើងហៅថាសញ្ញាឃើញ ដែលឆ្លុះបញ្ចាំងតាមរយៈសកម្មភាព និងលទ្ធផលជាក់ស្ដែង។ ដែលបងប្អូនគ្រប់ៗរូប និស្សិតគ្រប់រូបដែលត្រូវបង្ហាញនៅក្នុងសង្គម នៅក្នុងកន្លែងការងារ នៅក្នុងអាជីវកម្មរបស់ខ្លួន នៅក្នុងអ្វីៗដែលយើងនឹងធ្វើ»។
សម្ដេចបានបញ្ជាក់ថា សញ្ញាឃើញ និងសញ្ញាបត្រ បានជួយគ្នាទៅវិញទៅមក តាមរយៈបទពិសោធន៍ និងបង្កើតស្នាដៃបន្ថែមទៀត គឺជាការចាំបាច់សម្រាប់ការវិវឌ្ឍការរៀនសូត្រ និងលូតលាស់។ បន្ថែមពីនេះរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះគុណភាពអប់រំនៅកម្ពុជា តាមរយៈការតាមដាន វាយតម្លៃ និងកែលម្អជាប្រចាំ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីអប់រំនៅកម្ពុជា ប្រកបដោយគុណភាព ប្រសិទ្ធភាព នវានុវត្តន៍ សមធម៌ និងចីរភាព សំដៅធានាដល់ការអភិវឌ្ឍធនធានមនុស្ស ឱ្យមានជំនាញខ្ពស់ និងឥរិយាបថល្អ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការចំពោះមុខដូចជា និន្នាការតំបន់ និងសកល។
ជាការកត់សម្គាល់ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺមិនត្រឹមតែផ្តល់សញ្ញាបត្រ ដល់អ្នកសិក្សាប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តល់ចំណេះដឹងជំនាញ បទពិសោធ ឱកាសការងារ សមត្ថភាពសម្របខ្លួន និងឱកាសរៀនសូត្រពេញមួយជីវិត ដើម្បីឱ្យអ្នកបញ្ចប់ការសិក្សា អាចឈរជើងក្នុងទីផ្សារការងារ ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងអាចក្លាយជាកម្លាំងចលករពិតប្រាកដនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ៕



































































