FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នេីអ្នកសង្កេតការណ៍អាស៊ាន ត្រូវចូលរួមការវាស់វែងដីព្រំដែនកម្ពុជា-ថៃ ណាពេលក្រោយៗ (Video inside)

08-10-2026 12:06

(បាត់ដំបង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ បានអះអាងថា សម្ដេចបានស្នេីឲ្យអ្នកសង្កេតការណ៍អាស៊ាន (AOT) ចូលរួមក្នុងការងារវាស់វែងដីព្រំដែនរវាងកម្ពុជា-ថៃ នាពេលក្រោយៗទៀត។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅខេត្តបាត់ដំបងនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការវាស់វែងដីព្រំដែនរវាងកម្ពុជា-ថៃ គឺត្រូវតែធ្វេីឡេីងដោយឯកភាពគ្នាតាមសន្ធិសញ្ញា អនុសញ្ញាដែលមានស្រាប់ជាង១០០ឆ្នាំកន្លងមកហេីយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «វាស់ឲ្យចប់ទៅ វាស់សន្ធិសញ្ញា អនុសញ្ញាដែលបានឯកភាពគ្នា១០០ឆ្នាំជាងមុន វាស់ដោយគណៈកម្មការដែលបានឯកភាពគ្នា ហេីយយេីងក៏បានអញ្ជេីញ ខ្ញុំបានលេីកសំណូមពរពេលដែលវាស់លេីកក្រោយសុំឲ្យ AOT ទាំងសងខាងចូលជាសាក្សីដេីម្បីត្រួតពិនិត្យមេីល»។

បេីតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, អ្នកសង្កេតការណ៍អាស៊ាន មានភារកិច្ចក្នុងការត្រួតពិនិត្យ ហេីយកម្ពុជាផ្ទាល់គឺបាននាំអ្នកសង្កេតការណ៍អាស៊ាន ទៅត្រួតពិនិត្យមេីល ផ្ទៀតផ្ទាត់គ្រប់ទីកន្លែងទាំងអស់ រួមទាំងកន្លែងដែលបានឯកភាពគ្នាបោះបង្គោលហេីយស្រាប់ និងកន្លែងដែលកំពុងទាហានដៃចូលមកកាន់កាប់ហួសបង្គោលព្រំដែន ដេីម្បីធ្វេីជាសាក្សី។

ក្រៅពីអ្នកសង្កេតការណ៍អាស៊ាន កម្ពុជាក៏បានសម្របសម្រួលជូនអ្នកសង្កេតការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដេីម្បីទៅពិនិត្យមេីលផ្ទៀតផ្ទាត់ជាក់ស្ដែងនៅតំបន់ព្រំដែនោងដែរ ដោយគ្មានការលាក់លៀមអ្វីទាំងអស់។ នេះជាអ្វីដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្កត់ធ្ងន់ទៀតថា កម្ពុជានៅរក្សាសិទ្ធិប្រេីប្រាស់គ្រប់មធ្យោបាយដេីម្បីយកទឹកដីស្របច្បាប់របស់យេីងមកវិញ។ ក្នុងអាទិភាពចំពោះមុខ គឺយេីងត្រូវប្រេីប្រាស់ឲ្យអស់លទ្ធភាពនូវវិធីសាស្ដ្រច្បាប់ កិច្ចព្រមព្រាងដែលមានស្រាប់ និងការទូតដេីម្បីយកមកវិញដោយមិនចាំបាច់បង្ហូរឈាមទៀត អ្នកពាក់ព័ន្ធក៏ចង់រស់ដោយសេចក្ដីសុខដែរ៕