សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា
08-10-2026 11:55
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការលើកកម្ពស់គុណភាពអប់រំ និងការបណ្ដុះបណ្ដាលជំនាញ ដើម្បីអភិវឌ្ឍមូលធនមនុស្សឱ្យមានសមត្ថភាព និងអាចឆ្លើយតបបានកាន់តែប្រសើរ ទៅនឹងតម្រូវការទីផ្សារការងារ និងការវិវត្តនៃបច្ចេកវិទ្យា។
ក្នុងនោះសម្តេចមហាបវរធិបតី លោកក៏បានផ្តល់នូវទស្សនៈមួយចំនួនផងដែរ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។
ការផ្តល់នូវទស្សនៈខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២ ០០១នាក់ នារី ១ ២៥១នាក់។ ក្នុងនោះមាននិស្សិតអាហារូបករណ៍ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមានចំនួន ១៤៨នាក់ នារី ១៨៧នាក់ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ថ្ងៃនេះខ្ញុំសូមយកឱកាសនេះ លើកទឹកចិត្ត និងផ្តល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដូចខាងក្រោម៖
ទី១៖ ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តពង្រឹងគុណភាពអប់រំ ចាប់ពីកម្រិតមធ្យមសិក្សា រហូតដល់កម្រិតឧត្តមសិក្សា តាមរយៈការធ្វើបច្ចុប្បន្នកម្មកម្មវិធីសិក្សា, ការកែលម្អវិធីសាស្ត្របង្រៀន និងការធ្វើសុក្រឹតកម្មប្រព័ន្ធវាយតម្លៃ តាមរយៈការពង្រឹងប្រព័ន្ធធានាគុណភាព និងទទួលស្គាល់គុណភាពអប់រំ ដែលអាចធានាបាននូវចំណេះដឹង, ជំនាញអនុវត្ត, ការគិតវិភាគ, ការដោះស្រាយបញ្ហា, ការធ្វើការងារជាក្រុមពហុវិជ្ជាជីវៈ, ភាពច្នៃប្រឌិត, និងសមត្ថភាពបត់បែនតាមសភាពការណ៍ជាក់ស្តែង ។
ទី២៖ ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តបញ្ចូលជំនាញឌីជីថល, បញ្ញាសិប្បនិម្មិត, វិភាគទិន្នន័យ និង បច្ចេកវិទ្យាថ្មីៗ ទៅក្នុងកម្មវិធីសិក្សា ទៅតាមកម្រិតសមស្រប, ព្រមទាំង ត្រូវពង្រឹងសមត្ថភាពគ្រូបង្រៀន និងសាស្ត្រាចារ្យក្នុងការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យប្រព័ន្ធអប់រំកម្ពុជា អាចឆ្លើយតបបានកាន់តែប្រសើរទៅនឹង តម្រូវការទីផ្សារការងារ, និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី៤, បរិវត្តកម្មឌីជីថល, និងការផ្លាស់ប្តូរនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និងសកលលោក។
ទី៣៖ ក្រសួងអប់រំ យុវជន និង កីឡា, និង ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តធ្វើទំនើបកម្មការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តោតលើមុខជំនាញដែលមានតម្រូវការខ្ពស់ និងជំនាញសម្រាប់ឧស្សាហកម្មអនាគត, ដោយត្រូវពង្រឹងការផ្សារភ្ជាប់ការរៀន និងការអនុវត្ត និងការរៀននៅកន្លែងការងារ ដើម្បីធានាថា អ្នកបញ្ចប់ការបណ្តុះបណ្តាល ដោយជោគជ័យអាចចូលក្នុងទីផ្សារការងារដោយរលូន។
ទី៤៖ ក្រសួងអប់រំ យុវជន និង កីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវពង្រឹងការប្រមូល និង វិភាគទិន្នន័យអំពីការងារ, តម្រូវការតាមមុខជំនាញ, ប្រាក់ឈ្នួល, ផលិតភាព និង និន្នាការទីផ្សារការងារ ដើម្បីផ្តល់ជាមូលដ្ឋានវិទ្យាសាស្រ្ត សម្រាប់ការរៀបចំគោលនយោបាយស្តីពី ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, កំណត់មុខជំនាញអាទិភាព, និងផ្តល់ព័ត៌មានជាក់លាក់ដល់យុវជន ក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញ និងអាជីព។
ទី៥៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងអប់រំ យុវជន និង កីឡា ត្រូវសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនឹងវិស័យផលិតកម្ម និងសេវាកម្ម និងវិស័យឯកជន ដើម្បីកំណត់តម្រូវការធនធានមនុស្សតាមវិស័យ ដើម្បីកសាងនូវបញ្ជីតម្រូវការធនធានមនុស្សនៅកម្ពុជា, ទាំងរយៈពេល ខ្លី មធ្យម និងវែង។
ទន្ទឹមនេះត្រូវរៀបចំយន្តការដែលសម្រួលឱ្យវិស័យឯកជន ចូលរួមកាន់តែសកម្ម ក្នុងការកំណត់តម្រូវការជំនាញ, ការរៀបចំកម្មវិធីសិក្សា, ការផ្តល់កន្លែងកម្មសិក្សា, ការបណ្តុះបណ្តាលជាក់ស្តែង, និងការស្រាវជ្រាវអនុវត្ត ដើម្បីធានាថា ការអប់រំបណ្តុះបណ្តាល ផ្សារភ្ជាប់ទៅនឹងសកម្មភាពផលិតកម្ម និងអាជីវកម្មជាក់ស្តែង៕




































































