សម្តេចធិបតី ហ៊ុន ម៉ាណែត ទម្លាយថាវិស័យការពារជាតិ ត្រូវកែទម្រង់ និងពង្រឹងដើម្បីបង្កើនសមត្ថភាពការពារជាតិ តែសម្តេចសុំមិនលំអិត (Video inside)
08-10-2026 11:57
(បាត់ដំបង)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទម្លាយថា វិស័យការពារជាតិរបស់កម្ពុជា ត្រូវបានកែទម្រង់ និងពង្រឹង ដើម្បីបង្កើនសមត្ថភាពការពារជាតិ តែសម្តេចសុំមិនលំអិត។
ការទម្លាយបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យា ល័យ គ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២ ០០១នាក់ នារី ១ ២៥១នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យកងទ័ពកម្ពុជា ត្រូវបានកំណែទម្រង់ ខណៈកាតព្វកិច្ចត្រូវពង្រឹងមនុស្សរបស់យើង វិស័យការពារជាតិសំខាន់តែយើងក៏មិនទៅដកពីវិស័យសុខាភិបាល ឬវិស័យអប់រំ ដែលជាធនធានមនុស្សនោះដែរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបយ៉ាងដូច្នេះថា៖ «ការកំណែទម្រង់កងទ័ពយើងបានធ្វើច្រើន តែខ្ញុំសុំមិនអត្ថាធិប្បាយ អាហ្នឹងជារឿងផ្ទៃក្នុងកងទ័ព មិនមែនជារឿងដែលត្រូវយកមកនិយាយនៅលើវេទិកា បកស្រាយ សុំបងប្អូនយោគយល់ ថាតាំងពីវៃគ្នាមកកងទ័ពយើងពង្រឹងស្អីខ្លះ?»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះការពង្រឹងវិស័យការពារជាតិនេះ ក៏ត្រូវបានលោក ជេម សុខ ដែលជាអ្នកវិភាគលើបណ្តាញសង្គម កំពុងរស់នៅក្រៅប្រទេស បានលើកយកវិភាគ ជុំវិញការបង្កើនសមត្ថភាពវិស័យការពារជាតិរបស់កម្ពុជា។ ប៉ុន្តែ ទោះជាយ៉ាងណានេះគ្រាន់តែការវិភាគប៉ុណ្ណោះ។
បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការពង្រឹងវិស័យការពារជាតិមិនមែនមានន័យថា កម្ពុជាចង់បានសង្គ្រាមនោះទេ ប៉ុន្តែការពង្រឹងធនធានមនុស្ស ពង្រឹងវិស័យការពារជាតិ វិស័យសន្តិសុខជាតិ គឺយើងត្រូវតែធ្វើ។ ការពង្រឹងវិស័យបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងស៉ីវិល សន្តិសុខជាតិ ក៏រាជរដ្ឋាភិបាលត្រូវតែធ្វើជាប់ជាប្រចាំផងដែរ។
ពាក់ព័ន្ធនឹងការពង្រឹងវិស័យការពារជាតិ, ត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា នៅពេលស្ថានភាពវិលទៅប្រក្រតីភាពឡើងវិញ សម្តេចនឹងរៀបរាប់ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យបានដឹងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ចំពោះការពង្រឹងវិស័យការពារជាតិ។ ខណៈនៅក្រសួងការពារជាតិ បានកែទម្រង់ចាប់ពីថ្នាក់ក្រសួង ថ្នាក់អគ្គបញ្ជាការ ប្រភេទទ័ព ថ្នាក់យោធភូមិភាគ ថ្នាក់តំបន់ប្រតិបត្តិការសឹងរង និងកងការពារព្រំដែនជាដើម។
គួររម្លឹកថា ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីពេលថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន ម៉ាណែត ក៏លើកឡើងពីការធ្វើកំណែទម្រង់វិស័យការពារជាតិចុងក្រោយនេះ ដោយអនុវត្តតាមគោលការណ៍ «បង្រួមក្បាលពង្រីកខ្លួន» ដើម្បីបង្កើនប្រសិទ្ធភាពនិងពង្រឹងខឿនការពារជាតិរយៈពេលវែង។ សម្រាប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រសួងការពារជាតិគ្រោងលុបចោលនាយកដ្ឋាន និងការិយាល័យមួយចំនួន ហើយត្រូវច្របាច់បញ្ចូលគ្នារវាងការិយាល័យដែលមានមុខងារត្រួតស៊ីគ្នា។ ប្រភេទទ័ព និងកម្លាំងប្រយុទ្ធដែលមានមុខងារដូចគ្នាក៏ត្រូវលុបចោលដែរ៕




































































