FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំពឹងថា ឆ្នាំ២០២៧ នឹងនាំមកនូវសេចក្តីសុខ និងការរីកចម្រើន ហើយលែងមានបញ្ហាអាក្រក់កើតឡើងចំពោះកម្ពុជា (Video inside)

08-10-2026 11:55

(បាត់ដំបង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញរំពឹងថា ឆ្នាំ២០២៧ នឹងនាំមកនូវសេចក្តីសុខសាន្ត និងការរីកចម្រើនសម្រាប់ប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅតាមខេត្តជាប់ព្រំដែន ខណៈសម្តេចសង្ឃឹមថា បញ្ហាអាក្រក់ដែលកម្ពុជាបានជួបប្រទះក្នុងឆ្នាំ២០២៥ និង២០២៦ នឹងបញ្ចប់ ហើយឆ្នាំ២០២៧ នឹងមិនមានការឈឺចាប់ និងបញ្ហាដូចពេលកន្លងមកកើតឡើងទៀត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដូច្នេះ ក្នុងឱកាសដែលសម្ដេចអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងរយៈពេលកន្លងមក កម្ពុជាបានប្រឈមនឹងបញ្ហាធំៗមួយចំនួន រួមមានសង្គ្រាមឈ្លានពានដែលប៉ះពាល់ដល់តំបន់ជាប់ព្រំដែន និងបញ្ហាទឹកជំនន់ ដែលជាបញ្ហាដែលមិនបានរំពឹងទុកក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា៖ «សង្ឃឹមថា នៅក្នុងឆ្នាំ២០២៦ គឺវាចប់អស់ នូវអ្វីដែលអាក្រក់ ហើយ២០២៧ នឹងនាំមកនូវសេចក្តីសុខ និងការរីកចម្រើន ទៅដល់អ្នកខេត្តបាត់ដំបង និងទៅដល់ទូទាំងប្រទេសរបស់យើង ជាពិសេសអ្នកជួរមុខនៅព្រំដែន»។

បើតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ប្រជាពលរដ្ឋនៅខេត្តជួរមុខ ជាពិសេសប្រជាពលរដ្ឋខេត្តបាត់ដំបង គឺជាអ្នកដែលប្រឈមមុខដោយផ្ទាល់នឹងបញ្ហាទាំងនេះ ហើយសម្តេចសង្ឃឹមថា អ្វីដែលអាក្រក់ទាំងនេះនឹងបញ្ចប់នៅឆ្នាំ២០២៦ ដើម្បីឲ្យឆ្នាំ២០២៧ នាំមកនូវសេចក្តីសុខ និងការរីកចម្រើនជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកនៅតាមតំបន់ព្រំដែន។

ជាមួយគ្នានេះ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនអាចពឹងផ្អែកតែលើការបន់ស្រន់ ដើម្បីឲ្យមានសុខសន្តិភាព និងការរីកចម្រើននោះទេ ប៉ុន្តែត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯង តាមរយៈការថែរក្សា និងការពារមិនឲ្យបញ្ហាឈឺចាប់កើតឡើង ព្រមទាំងដាក់ចេញនូវវិធានការដោះស្រាយបញ្ហា និងបន្តពង្រឹងសមត្ថភាពរបស់ជាតិលើគ្រប់វិស័យ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងច្បាស់ថា ប្រទេសជាតិមិនអាចអង្គុយរង់ចាំអ្វីៗដែលធ្លាក់ពីលើមេឃ ឬរង់ចាំអព្ភូតហេតុណាមួយមកជួយបានឡើយ ប៉ុន្តែត្រូវបង្កើតអនាគតរបស់ខ្លួនតាមរយៈការខិតខំប្រឹងប្រែង និងការពង្រឹងខ្លួនឯង៕