សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ឧបត្ថម្ភថវិកា និងសម្ភារៈជួយដល់គ្រួសារភៀសសឹក នៅខេត្តឧត្តរមានជ័យ
08-10-2026 10:18
(ព្រៃវែង)៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានដឹកនាំអនុប្រធាន ហេរញ្ញិក សមាជិកគណៈកម្មាធិការសាខាខេត្ត និងសហការី ព្រមទាំងក្រុមប្រតិបត្តិសាខា បាននាំយកថវិកា និងសម្ភារៈមួយចំនួនធំ ផ្តល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ។ ជំនួយមនុស្សធម៌នេះ មានគោលបំណងដើម្បីជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់គ្រួសារភៀសសឹក ដែលកំពុងប្រឈមនឹងបញ្ហានានា។
សកម្មភាពដ៏ប្រពៃនេះ បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក របស់កាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ។ សម្ភារៈដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានផ្តល់ជូនរួមមាន៖ ថវិកាចំនួន ១០លានរៀល អង្ករ ៥,០០០គីឡូក្រាម មីជាតិ ៣០០កេសតូច ត្រីខ ៣០០យួរ តង់ ១០០ មុង ៣០០ ភួយ ៣០០ ធុងទឹក ៣០០ អាវគីប ១០បេ ទឹកតែក្រូចឆ្មា (V-Lemon Tea) ៥០កេស ភេសជ្ជៈគ្រុឌ (Krud Energy Drink) ៥០កេស និងទឹកសុទ្ធ (V-Active water) ១០០កេស។
ការឧបត្ថម្ភទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបន្ទុកជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងសប្បុរសជនចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ប្តេជ្ញាបន្តចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និងជួយដល់ជនរងគ្រោះគ្រប់រូប ស្របតាមបេសកកម្មរបស់កាកបាទក្រហមកម្ពុជា៕



























