FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំរុញការចូលរួមរបស់និស្សិត ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ និងចៀសឆ្ងាយពីគ្រឿងញៀន

08-10-2026 10:11

(ភ្នំពេញ)៖ លោក ខាយ ឃុនហេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្ដីពី «ជំរុញការចូលរួមរបស់និស្សិត ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ និងចៀសឆ្ងាយពីគ្រឿងញៀន» ដោយមានការអញ្ជើញចូលរួមពីលោកសាស្រ្តចារ្យ ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្រ្តាចារ្យ និងនិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សរុបប្រមាណ ៣៥០នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនកម្លាំងរួម ក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពនៃកម្មវិធីអេដស៍ និងបញ្ជ្រាបចំណេះដឹងអំពីបញ្ហាប្រឈមនិងហានិភ័យនៃមេរោគអេដស៍ ជំងឺអេដស៍ ព្រមទាំងរួមគ្នាបដិសេធគ្រឿងញៀន ដើម្បីសុខភាព អនាគតភ្លឺស្វាង និងសង្គមគ្មានគ្រឿងញៀន។

នៅក្នុងសិក្ខាសាលានេះ លោករដ្ឋលេខាធិការ បានផ្តាំផ្ញើដល់និស្សិតឱ្យប្រកាន់ខ្ជាប់នូវឥរិយាបទល្អ ចេះការពារខ្លួនពីការឆ្លងមេរោគអេដស៍ បញ្ឈប់ការរើសអើងនិងចេះលើកទឹកចិត្តអ្នកផ្ទុកមេរោគអេដស៍ឱ្យមានក្តីសង្ឃឹមក្នុងជីវិត។

លោកក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់កុំឱ្យសាកល្បងប្រើគ្រឿងញៀនសូម្បីតែមួយដង ដោយសារតែការចង់ដឹង ចង់សាក ឬតាមការអូសទាញរបស់មិត្តភក្តិ ព្រោះគ្មានគ្រឿងញៀនណាធ្វើឱ្យមនុស្សវៃឆ្លាតឬមានក្តីសុខនោះទេ។

ជាមួយគ្នានេះដែរ លោកបានលើកទឹកចិត្តដល់និស្សិតដែលជាបញ្ញាវ័ន ជាកម្លាំងបន្តវេនឱ្យចូលរួមចែករំលែកបន្តដល់មិត្តភក្តិ ក្រុមគ្រួសារ សាច់ញាតិ និងសហគមន៍ នូវចំណេះដឹងដែលទទួលបានក្នុងសិក្ខាសាលានេះ ដើម្បីរួមគ្នាកសាងសង្គមមួយមានសុខភាពល្អ «គ្មានមេរោគអេដស៍ និងគ្មានគ្រឿងញៀន»៕