FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រី ម៉ែន នារីសោភ័គ នាំយកអំណោយជូនដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ

08-10-2026 07:40

(កណ្ដាល)៖ ស្នាមញញឹម និងក្ដីសង្ឃឹមរបស់ប្រជាជនងាយរងគ្រោះ តែងតែផ្ដល់ជូនមិនដែលរំលេងនោះឡើយ ពីអ្នកម្ដាយមនុស្សធម​៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ជាក់ស្ដែងនៅក្នុងឱកាសកាន់បិណ្ឌ ភ្ជុំបិណ្យនេះ ក៏អ្នកម្ដាយមនុស្សធម៌មិនដែលភ្លេចឡើយពីសុខទុក្ខរបស់ប្រជាជនគ្រប់រូបដែលជួបការលំបាក ដូច្នេះនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ អ្នកម្ដាយដ៏មហាសប្បុរស បានបន្ដចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ព្រមទាំងសហការី អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី៧ ជូនសិស្ស-កុមារ ១១៥នាក់ និងគ្រូ១៦នាក់ នៃសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ពិធីសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌នេះជាលើកទី៧ហើយ ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ។ បើតាមការឱ្យដឹងពីលោក ប៉េន សុផល ប្រធានសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ បច្ចុប្បន្នមានកុមារនិងយុវជនស្នាក់នៅចំនួន១១៥នាក់ ក្នុងនោះកុមារអាយុ១ឆ្នាំដល់៦ឆ្នាំ ៤៥នាក់ (កុមារី ៣០នាក់) , កុមារអាយុ៧ឆ្នាំដល់១៤ឆ្នាំ មាន៤៥នាក់ ( កុមារី២៥នាក់) យុវជនអាយុ១៥ ឆ្នាំឡើង មាន២៥នាក់ (ស្រី១៥នាក់) ។ សមាគមបានរីកចម្រើនដល់បច្ចុប្បន្នដោយសារតែទទួលបានការគាំទ្រ ទ្រទ្រង់ និងឧបត្ថម្ភយ៉ាងធំបំផុតពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

លោកបានបន្ដថាក្រោមការជួយមើលថែ យកចិត្ដទុកដាក់ពីអ្នកម្ដាយមនុស្សធម៌ ក្មេងៗខ្វះខាតទាំងឡាយ បានទទួលភាពកក់ក្ដៅក្នុងការរស់នៅ និងសិក្សារៀនសូត្រ តាមរយៈផ្ដល់ជាថវិកា ស្បៀងអាហារ សម្ភារៈចាំបាច់សម្រាប់រស់នៅប្រចាំថ្ងៃ និងសម្រាប់ធ្វើដំណើរ អ្នកម្ដាយមនុស្សធម៌បានផ្តល់ម៉ូតូកង់បី១គ្រឿង សម្រាប់ដឹកជញ្ជូនក្មេងៗទៅសាលារៀន ហើយបានឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បន្តជួយនិងឧបត្ថម្ភជាបន្តបន្ទាប់ក្នុងនោះ មានការធ្វើផ្លូវ២ខ្សែ , ផ្តល់ឡានក្រុងមួយគ្រឿង ឧបត្ថម្ភប្រេង៥០០លីត្រ រៀងរាល់ខែសម្រាប់ដឹកជញ្ជូនក្មេងៗទៅសាលារៀនប្រកបដោយសុវត្ថិភាព រួមជាមួយការផ្តល់អំណោយមនុស្សធម៌ជាច្រើនទៀត។

ទឹកចិត្ដដ៏មហាព្រហ្មវិហារធម៌គ្មានពីររបស់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត គឺបានជួយទាំងផ្លូវកាយ និងផ្លូវចិត្ដ ពិសេសការតម្រង់ទិសដល់កុមារកំព្រា កុមារមានជីវភាពខ្វះខាត បានសិក្សារៀនសូត្រ ដូចក្មេងដទៃ និងរស់នៅដោយប្រកបដោយភាពសុខសប្បាយ ហើយការសណ្ដោសប្រណីរបស់អ្នកម្ដាយ ជាកត្ដាជំរុញលើកទឹកចិត្ដដ៏សំខាន់ឱ្យក្មេងៗរួមទាំងលោកជាអ្នកគ្រប់គ្រង មានស្នាមញញឹម ក្ដីសង្ឃឹម និងមិនឯកានោះឡើយ។ លោកថ្លែងទាំងអួលដើមក សម្ដែងពីក្ដីរំភើបឥតឧបមា និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសតំណាងឱ្យកុមារា កុមារី និងអ្នកដែលមកស្នាក់នៅក្នុងសមាគម សូមគោរពជូនពរអ្នកម្ដាយមនុស្សធម៌ដ៏មានគុណ មានសុខភាពល្អបូរិបូរណ៍ អាយុយ៉ឺនយូរ ដើម្បីបន្ដជាម្លប់កូនចៅប្រុសស្រីរហូតទៅ។

ក្នុងពិធីសំណេះសំណាលនេះដែរ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ក៏បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការគិតគូរ សួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះកុមារទាំងអស់ ដោយសេចក្តីនឹករលឹក។

លោកស្រីបានរំលឹកថា កាកបាទក្រហមកម្ពុជា បានជួយកុមារនៅទីនេះតាំងពីនៅតូចៗមានទាំងមធ្យោបាយធ្វើដំណើរ រួមទាំងអាហារូបករណ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់ឱ្យក្មួយៗចៅៗ បន្តការសិក្សាថ្នាក់ឧត្តមសិក្សាថែមទៀតផង។ លោកស្រីបានបន្តថា សកម្មភាពកាកបាទក្រហមកម្ពុជា បានកំពុងធ្វើនេះបានមកពីការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជនតែងតែតាមជួយដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ហើយអ្វីដែលបានធ្វើនេះ ក៏ដោយសារការចង្អុលបង្ហាញ និងការគាំទ្រដោយទឹកចិត្តសប្បុរសដ៏ធំធេងបំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធានកាកបាទក្រហមកម្ពុជា។

ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងក្នុងទិវាមនុស្សចាស់ជាតិ-អន្តរជាតិនេះ កាកបាទក្រហមកម្ពុជានឹងមានសកម្មភាពជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះលោកស្រីក៏បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ សូមកោតសរសើរចំពោះថ្នាក់ដឹកនាំសមាគម ដែលយកចិត្តទុកដាក់ផ្តល់ក្តីស្រឡាញ់ ផ្តល់នូវការថែទាំកុមារជាង១០០នាក់ ជាពិសេសរួមចំណែកក្នុងការអភិវឌ្ឍន៍មូលធនមនុស្សរបស់កម្ពុជា។

ទន្ទឹមនឹងនោះលោកស្រីបានផ្តាំផ្ញើដល់ក្មួយៗ ចៅៗ កុមារទាំងអស់ ត្រូវចេះថែទាំសុខភាពឱ្យបានល្អ ទម្លាប់ហូបស្អាត ផឹកស្អាត រស់នៅស្អាត មានអនាម័យ ក្នុងនោះក្រុមការងារបាននាំមកជាមួយនូវឃីត (មុង ភួយ សារុង ក្រមា) សម្រាប់ឱ្យក្មួយៗ ចៅៗ បានផ្លាស់ប្តូរ មួយវិញទៀតចំពោះការរស់នៅត្រូវចេះស្រឡាញ់ សាមគ្គីគ្នា ជួយគ្នាទៅវិញ-ទៅមកប្រៀបដូចបងប្អូនម្តាយតែមួយ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីការសេពគប់មិត្តមិនល្អ ឬការប្រើប្រាស់គ្រឿងញៀន ដោយខិតខំសិក្សារៀនសូត្រដើម្បីអនាគតភ្លឺស្វាង។

សូមជម្រាបថាអំណោយដែលបានផ្តល់ជូនសមាគម រួមមាន ៖ អង្ករ ១តោន, មី ២០កេស,ត្រីខ ៣កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ប្រេងឆា ២កេស, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស, សាប៊ូកក់សក់ ៤កេស, សាប៊ូដុសខ្លួន ៤កេស, ឃីត ៣០ឃីត និងថវិកា ៥លានរៀល ព្រមទាំងរៀបចំអាហារសម្រន់ (នំបញ្ចុកការីខ្មែរ និងមាន់បំពង) ជូនដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗកុមារពិសាររួមគ្នាមួយពេលផងដែរ។ សូមបញ្ជាក់ថា នេះជាលើកទី៧ហើយ ដែលកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខនិងផ្តល់អំណោយជូនសមាគមខាងលើ បន្ទាប់ពីការចុះជួបលើកទី១ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧មក៕