ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ដឹកនាំមន្ដ្រីក្រសួងមុខងារសាធារណៈ ជាមួយពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ចូលរួមកាន់បិណ្ឌនៅវត្តព្រះបារមីវង្កតបុរី
07-10-2026 21:39
(ភ្នំពេញ)៖ ពិធីបង្ហើយបុណ្យកាន់បិណ្ឌវេនទី១១ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម និងបរិយាកាសរីករាយជ្រះថ្លា ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកស្រី ឆាយ ថងឌី ហ៊ុនម៉ានី ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បានចូលរួមអនុមោទនាពិធីកាន់បិណ្ឌរួមគ្នា ជាមួយពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ នៅវត្តព្រះបារមីវង្កតបុរី (ហៅវត្តទួលក្រសាំង) ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ប្រកបដោយចិត្តជ្រះថ្លាស្មើៗគ្នា។
ក្នុងពិធីដ៏នក្ខត្តឫក្សនាព្រឹកនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ន ម៉ានី លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងអស់ បានរួមគ្នាធ្វើកិច្ចនមស្សការព្រះរតនត្រ័យ សមាទានសីល ព្រមទាំងបាននាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យផ្សេងៗ វេរប្រគេនព្រះសង្ឃ ព្រមទាំងបានអញ្ជើញរាប់បាត្រ ដើម្បីឧទ្ទិសនូវផលានិសង្ស និងកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ។
សូមអនុមោទនាកុសលផលបុណ្យ ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងអស់ ជូនដល់បងប្អូនប្រជាជនខ្មែរគ្រប់រូប សូមឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕















