FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា សម្រេចឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» ចាប់ពីពេលនេះតទៅ

07-10-2026 21:27

(ញូវយ៉ក)៖ កម្ពុជាបានសម្រេចបញ្ឈប់ការចេញនូវទិដ្ឋាការស្អិតគ្រប់ប្រភេទ (Visa Sticker) នៅលើលិខិតឆ្លងដែនរបស់អ្នកដំណើរ រួមមានទាំងទិដ្ឋាការប្រភេទ K សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនបរទេសផងដែរ ដោយជំនួសមកវិញនូវការចេញទិដ្ឋាការក្នុងទម្រង់ «ទិដ្ឋាការឌីជីថល» (Digital Visa) ចាប់តាំងពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ តទៅ។

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (ប្រចាំទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ នេះ បានជម្រាបជូនសាធារណជនឱ្យដឹងថា ការសម្រេចកែប្រែប្រព័ន្ធផ្តល់ទិដ្ឋាការនេះ ត្រូវបានអនុវត្តជាផ្លូវការចាប់តាំងពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ មកម៉្លេះ។

តាមរយៈការកែទម្រង់នេះ រាល់ទិដ្ឋាការទាំងអស់ដែលត្រូវផ្តល់ជូនអ្នកដំណើរចូលមកកាន់ប្រទេសកម្ពុជា នឹងលែងមានការបិទតែមទិដ្ឋាការស្អិតនៅលើទំព័រលិខិតឆ្លងដែនដូចមុនទៀតហើយ ពោលគឺត្រូវប្តូរមកជាការចេញតាមប្រព័ន្ធអេឡិចត្រូនិក ឬទិដ្ឋាការឌីជីថល (Digital Visa) វិញទាំងអស់ រួមទាំង «ទិដ្ឋាការប្រភេទ K» ដែលជាទិដ្ឋាការពិសេសសម្រាប់ជនបរទេសមានដើមកំណើតខ្មែរផងដែរ។

ដោយឡែក ចំពោះសុពលភាពនៃទិដ្ឋាការដែលបានចេញរួចហើយ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ចំពោះទិដ្ឋាការស្អិត ដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានចេញជូនសាធារណជនទាំងឡាយកន្លងមក មុនថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ គឺនៅតែមានសុពលភាពក្នុងការប្រើប្រាស់ដដែល ស្របតាមលក្ខខណ្ឌច្បាប់ជាធរមាន»។

ការឈានទៅអនុវត្តទិដ្ឋាការឌីជីថល (Digital Visa) ពេញលេញនាពេលនេះ គឺជាការបោះជំហានយ៉ាងសំខាន់មួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធសេវាសាធារណៈ និងសេវាកុងស៊ុល ស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល រហ័ស និងចំណេញពេលវេលាដល់អ្នកដំណើរអន្តរជាតិ ភ្ញៀវទេសចរ ធុរជន ក៏ដូចជាបងប្អូនអាណិកជនខ្មែរនៅឯនាយសមុទ្រ ក្នុងការធ្វើដំណើរមកកាន់មាតុភូមិកម្ពុជា៕