ក្រសួងកសិកម្ម និង Wildlife Alliance ប្រកាសពីជំហានថ្មីនៃកិច្ចសហប្រតិបត្តិការអភិរក្សសត្វព្រៃនៅកម្ពុជា
07-10-2026 20:09
(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរួម ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានឱ្យដឹងថា បន្ទាប់ពីបានសហការគ្នាយ៉ាងជិតស្និទ្ធអស់រយៈពេល ២៥ ឆ្នាំក្នុងការសង្គ្រោះ ការស្តារនីតិសម្បទា និងការអភិរក្សនៅកម្ពុជា កម្មវិធីថែទាំសត្វព្រៃដែលត្រូវបានសង្គ្រោះបានឈានចូលដល់ជំហានថ្មីមួយនៃដំណើរបេសកកម្មរួមគ្នា។
នៅក្នុងជំហានថ្មីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសមត្ថភាពពេញលេញក្នុងការទទួលយកការគ្រប់គ្រងប្រតិបត្តិការទាំងស្រុងនៃកម្មវិធី។ រីឯអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នឹងបង្វែរការគាំទ្រផ្នែកបច្ចេកទេសរបស់ខ្លួនទៅកាន់កិច្ចខិតខំប្រឹងប្រែងការពារព្រៃឈើបន្ថែមនៅទូទាំងប្រទេសកម្ពុជា ខណៈពេលដែលនៅតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងលើទិដ្ឋភាពអភិវឌ្ឍន៍ឱ្យកាន់តែទូលំទូលាយ។
ចាប់តាំងពីមានភាពជាដៃគូនេះមក ភាគីទាំងពីរបានបង្កើតជំនាញបច្ចេកទេសក្នុងស្រុក និងពង្រឹងសមត្ថភាពរឹងមាំក្នុងការសង្គ្រោះ ការស្តារនីតិសម្បទា និងការថែទាំសុខភាពសត្វព្រៃ។ ស្ថាប័នទាំងពីរមានទំនុកចិត្តខ្ពស់ថា សកម្មភាពការពារដ៏សំខាន់ទាំងនេះនឹងរីកចម្រើនបន្ថែមទៀតក្រោមការគ្រប់គ្រងពេញលេញរបស់កម្ពុជា។
ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ការវិនិយោគសរុបចំនួន ១៥,២០៧,៣៥៨ដុល្លារ ត្រូវបានបញ្ជូលដោយផ្ទាល់ទៅក្នុងកម្មវិធីថែទាំសត្វព្រៃដែលត្រូវបានសង្គ្រោះ។ ធនធានទាំងនេះបានគាំទ្រដល់តម្រូវការប្រតិបត្តិការចាំបាច់ ដូចជាអាហារូបត្ថម្ភសត្វ ការថែទាំដោយពេទ្យសត្វ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មានជាអាទិ៍ ឧបករណ៍ចម្រោះទឹក និងប្រព័ន្ធផ្តល់នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ស្ថានីយដោះលែងសត្វព្រៃនៅខេត្តកោះកុង និងបណ្តាទីតាំងអភិរក្សនៅតំបន់អង្គរ និងតំបន់ប្រាំបីមុំ។
ជាមួយគ្នានេះ ក្រសួងកសិកម្ម និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហគមន៍ម្ចាស់ជំនួយ និងដៃគូសំខាន់ៗ រួមមាន លោកស្រី ស៊ីវលីន ហ្វានឡូត , ក្រុមហ៊ុន Cardamom Carbon, មូលនិធិ Wallace Research, មូលនិធិ The Aspinall, និងមូលនិធិ Eleonora McDonald ព្រមទាំងស្ថាប័ន និងបុគ្គលជាច្រើនទៀតដែលបានផ្តល់ការគាំទ្រ។
ស្ថាប័នទាំងពីរនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារបេតិកភណ្ឌជាតិកម្ពុជា។ ស្របពេលដែលក្រសួងដឹកនាំប្រតិបត្តិការចាប់ពីពេលនេះទៅ អង្គការសម្ព័ន្ធមិត្តសត្វព្រៃនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតនៅទូទាំងតំបន់ព្រៃឈើដ៏សំខាន់ៗ រួមមាន គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង និងគម្រោងរេដបូកសំរោង ដើម្បីការពារជម្រកសត្វព្រៃ និងធានាការរស់រានមានជីវិតជាយូរអង្វែងសម្រាប់សត្វព្រៃនៅកម្ពុជា៕



