ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសាកលវិទ្យាល័យជាតិបាត់ដំបង ចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិឧស្សាហកម្ម
07-10-2026 19:37
(បាត់ដំបង)៖ អគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) នៅរសៀលថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦នេះ បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិឧស្សាហកម្មជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB)។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី ពៅ វរល្មក្សណ៍ អនុរដ្ឋលេខាធិការ MISTI តំណាងលោករដ្ឋមន្ត្រី ហែម វណ្ណឌី, លោក ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកអគ្គនាយកដ្ឋានឧស្សាហកម្ម និងលោក សុខ ឃន សាកលវិទ្យាធិការ NUBB។
គោលបំណងសំខាន់នៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីបង្កើតក្របខ័ណ្ឌក្នុងការលើកកម្ពស់ការយល់ដឹង ការបណ្តុះបណ្តាលបច្ចេកទេស និងការគាំទ្រការការពារកម្មសិទ្ធិឧស្សាហកម្ម ក្នុងគោលដៅជំរុញការអនុវត្តគោលនយោបាយកម្មសិទ្ធិបញ្ញា ឱ្យមានប្រសិទ្ធភាពសម្រាប់សាកលវិទ្យាល័យជាតិបាត់ដំបង។
លោក សុខ ឃន បានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាព និងភាពច្នៃប្រឌិត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនោះ ក៏មានសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រព័ន្ធចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់សហគ្រិន និងនិស្សិតផងដែរ។ នេះជាសកម្មភាពដ៏សំខាន់មួយដែលជួយជំរុញ និងលើកទឹកចិត្តដល់អ្នកផលិត និងអ្នកស្រាវជ្រាវឱ្យរកឃើញរបកគំហើញថ្មីៗ ដែលអាចទទួលស្គាល់ដោយក្រសួង។ ជាលទ្ធផល អ្នកស្រាវជ្រាវពីររូបរបស់ NUBB ត្រូវបានប្រគល់វិញ្ញាបនបត្រចុះបញ្ជីទទួលស្គាល់គំនូរឧស្សាហកម្មចំនួន ៤ រួមមាន៖ ប្រអប់វេចខ្ចប់ម្សៅទឹកត្នោត កញ្ចប់វេចខ្ចប់ស្វាយត្រាំស្ងួត កញ្ចប់វេចខ្ចប់ណែមត្រីស្ងួត និងប្រអប់វេចខ្ចប់ម្សៅទឹកដូង។
កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ MISTI ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ី «នវានុវត្តន៍ និងកម្មសិទ្ធិបញ្ញា» ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ក្រសួងប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យ ដើម្បីបណ្តុះបណ្តាលជំនាញកម្មសិទ្ធិបញ្ញា បំផុសគំនិតច្នៃប្រឌិតដល់យុវជន និងលើកទឹកចិត្ត ការស្នើសុំចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា លើស្នាដៃស្រាវជ្រាវរបស់ខ្លួន ដើម្បីបង្កើតជាចំណូលមានតម្លៃសេដ្ឋកិច្ចពិតប្រាកដ៕



