ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ជំរុញការងារបរិវត្តកម្មឌីជីថល និងអភិវឌ្ឍប្រព័ន្ធ OCM AI នៅទីស្តីការគណៈរដ្ឋមន្ត្រី
07-10-2026 19:21
(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃ ទី៧ ខែតុលា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រព័ន្ធ OCM AI របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលកិច្ចប្រជុំនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពការងាររបស់ស្ថាប័ន។
លោក វង្សី វិស្សុត បានលើកឡើងថា ការពន្លឿន និងជំរុញកិច្ចការបរិវត្តកម្មឌីជីថលនៅទីស្តីការគណៈរដ្ឋមន្ត្រី គឺជាអាទិភាពសំខាន់មួយ ដើម្បីគាំទ្រដល់ការបង្កើនប្រសិទ្ធភាព គុណភាព និងសមិទ្ធកម្មការងារ។
លោក បានបន្តថា «យើងត្រូវចេះទាញយកប្រយោជន៍ពីបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទោះបីបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធ ការយល់ដឹង ផ្នត់គំនិត និងទស្សនៈរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅមានកម្រិតក្តី»។
បន្ថែម ពី នេះលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ការណែនាំឱ្យក្រុមការងារដឹកនាំ និងជំរុញបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី ពន្លឿនការធ្វើបរិវត្តកម្មឌីជីថលស្របតាមផែនការដែលបានកំណត់។ ជាមួយគ្នានេះ ត្រូវរៀបចំវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការឱ្យបានឆាប់រហ័ស។ លោកបានសង្កត់ធ្ងន់ថា ការងារធ្វើបរិវត្តកម្មឌីជីថលត្រូវតែចាប់ផ្តើមដោយភាពពិតប្រាកដ ម៉ត់ចត់ និងមានគោលដៅច្បាស់លាស់។
ពាក់ព័ន្ធនឹងប្រព័ន្ធ OCM AI លោក វង្សី វិស្សុត បានណែនាំឱ្យក្រុមការងារបន្តសិក្សាអំពីទិដ្ឋភាពបច្ចេកទេសនៃប្រព័ន្ធនេះបន្ថែមទៀត និងត្រូវរៀបចំស្តង់ដាប្រតិបត្តិ (SOP) ស្តីពីការកំណត់សិទ្ធិប្រើប្រាស់ និងរបៀបប្រើប្រាស់ប្រព័ន្ធនេះឱ្យបានច្បាស់លាស់ ដើម្បីគ្រប់គ្រងហានិភ័យ និងសន្តិសុខពាក់ព័ន្ធទិន្នន័យបុគ្គល និងទិន្នន័យរបស់ស្ថាប័ន។ ការជំរុញនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈបច្ចេកវិទ្យា៕
