FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រតិភូខណ្ឌ៣ និងមន្ទីរមួយ នាំយកអំណោយជូនដល់កងកម្លាំងនគរបាលវរៈសេនាតូចលេខ៧៩៣ ឈរជើងក្រវ៉ាត់ព្រំដែនខេត្តព្រះវិហារ

07-10-2026 19:08

(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ប្រតិភូខណ្ឌចំនួន៣ រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំងនគរបាលវរៈសេនាតូចលេខ ៧៩៣ ដែលកំពុងឈរជើងនៅទិសច្រកអានសេះ ខេត្តព្រះវិហារ។

ប្រតិភូដែលបានអញ្ជើញចូលរួមក្នុងបេសកកម្មមនុស្សធម៌នេះ រួមមាន លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ, លោក ធឺម សំអាន អភិបាលសាលាខណ្ឌព្រែកព្នៅ, លោក សក់ កាញ្ញារិទ្ឋ អភិបាលសាលាខណ្ឌពោធិសែនជ័យ និងលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល។

ក្នុងឱកាសនោះ លោក សាំ ពិសិដ្ឋ តំណាងឱ្យប្រតិភូទាំងអស់ បានថ្លែងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូននគរបាលនៅសមរភូមិមុខ ដែលបានតស៊ូជម្នះគ្រប់ឧបសគ្គ និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងបូរណភាពទឹកដី ដោយមិនអនុញ្ញាតឱ្យសត្រូវឈ្លានពានបានឡើយ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់អាយុជីវិតរបស់កងកម្លាំងនគរបាលការពារព្រំដែន ដើម្បីការពារជាតិ និងប្រជាជនពីការឈ្លានពានកន្លងមក។

អំណោយដែលបានប្រគល់ជូនរួមមាន គ្រឿងឧបភោគ បរិភោគជាច្រើនមុខដូចជា មីជាតិ ស្រាបៀរ ទឹកក្រូច ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ុវ ត្រីខកំប៉ុង សៀង ឆៃប៉ូវផ្អែម ត្រីប្រាសំយ៉ុង ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀតដូចជា ចបកាប់ ពូថៅ កាំបិតផ្គាក់ ប៉ែល ញញូរ ដែកដកដែកគោល និងថវិកាមួយចំនួនធំ។ បន្ថែមពីនេះ មន្ទីរ និងខណ្ឌទាំង៣ ក៏បានផ្តល់ជាថវិកាសម្រាប់ជួសជុលអគារចំនួន ៣ខ្នងផងដែរ។

តំណាងកងកម្លាំងនគរបាលការពារព្រំដែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូទាំងអស់ ដែលតែងតែចុះមកសួរសុខទុក្ខ និងផ្តល់អំណោយជាប្រចាំ។ ក្នុងនាមកម្លាំងការពារព្រំដែន ពួកគេបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការបន្តការពារបូរណភាពទឹកដី និងធានានូវភាពសុខសាន្តជូនប្រជាពលរដ្ឋនៅជួរក្រោយ៕