FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំអំណោយជូនកងទ័ពការពារព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងស្ទឹងត្រែង

07-10-2026 19:02

(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅជូននាយទាហាន ពលទាហាន នាយនគរបាល និងពលនគរបាល នៃកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងនគរបាលជាតិវរសេនាតូចការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារតំបន់អូរអាឡៃ ខេត្តស្ទឹងត្រែង។

ពិធីនេះបានធ្វើឡើងរួមគ្នានៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៃយោធភូមិភាគទី១ ខេត្តព្រះវិហារ ដែលអង្គភាពទាំងនេះជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែនទាំងអស់ ដែលបានយកទ្រូងទៅធ្វើជាខែលការពារជាតិ និងប្រជាជនពីចោរឈ្លានពាន។

លោកអភិបាលបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការថែរក្សាការពារនូវសន្តិភាព និងស្ថិរភាពនយោបាយ ដែលសម្រេចបានដោយសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី តាមរយៈការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ។

លោក ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរចំពោះភាពអត់ធ្មត់ខ្ពស់បំផុតរបស់កងកម្លាំងជួរមុខទាំងអស់ ដែលបានគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ទោះបីមានការញុះញង់ អុចអាល និងការប៉ុនប៉ងបង្កសង្គ្រាមពីចោរឈ្លានពានយ៉ាងណាក្តី។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានមានប្រសាសន៍ថា ការចុះសួរសុខទុក្ខ និងផ្តល់អំណោយ នាពេលនេះ ពិតជាបានឆ្លុះបញ្ចាំង និង សបញ្ជាក់យ៉ាងច្បាស់ នូវអត្ថន័យយ៉ាងធំធេង ពីការរួមសុខរួមទុក្ខ ការយកចិត្តទុកដាក់ ការគិតគូរពីសុខទុក្ខការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ក្នុងស្មារតីស្នេហាជាតិ «ខ្មែរតែមួយ» ។ ជាមួយ គ្នា នេះ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ក៏បានលើកឡើងពីស្ថានភាពទូទៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនផងដែរ។

អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកឃួង ស្រេង និងលោកស្រីផ្តល់ជូនកងកម្លាំងជួរមុខខាងលើនេះ ក្នុងនោះរួមមាន៖ ឧបត្ថម្ភជូនកងពលធំអន្តរាគមន៍លេខ៣ ថវិកាចំនួន ៤០.០០០.០០០រៀល ព្រមទាំង រៀបចំអគារសាលប្រជុំថ្មី ថវិកាចំនួន ២០.០០០ដុល្លារ) និងឧបត្ថម្ភ ប្រេងម៉ាស៊ូត សម្ភារ និងគ្រឿងឧបភោគបរិភោគ ដូចជាមី ទឹកបរិសុទ្ធទឹកត្រីទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ប្រេងឆា ទឹកសណ្តែក។

ឧបត្ថម្ភជូន កងពលតូចអន្តរាគមន៍លេខ៩ ថវិកាចំនួន ៤០.០០០.០០០រៀល។

ឧបត្ថម្ភជូនវរសេនាតូចលេខ ៣៩១, ៣៩២, ៣៩៣, ៣៩៤, ៣៩៥ ចំនួន ៥វរសេនាតូច ក្នុង០១វរៈ ឧបត្ថម្ភ ថវិកាចំនួន ២០.០០០.០០០រៀល។ សាងសង់អាងស្តុកទឹកក្នុងដីធ្វើអំពីបេតុង ចំនួន ៧អាង សរុបថវិកាចំនួន ៤៣.៣៨៦.០០០រៀល។ ប្រេងសម្រាប់ឈូសឆាយដីអគារជុំវិញទីបញ្ជាការកងពល ចំនួន ១០.០០០លីត្រ និងទិញគោយន្តកន្ត្រៃចំនួន ៣ឈុត អស់ថវិកាចំនួន ៤០.២០០.០០០រៀល។ ឧបត្ថម្ភ ប្រេងម៉ាស៊ូត សម្ភារ និងគ្រឿងឧបភោគបរិភោគ សម្ភារ និងគ្រឿងឧបភោគបរិភោគ ដូចជាមី ទឹកបរិសុទ្ធទឹកត្រី+ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ប្រេងឆា ទឹកសណ្តែក។

ឧបត្ថម្ភជូន វរនគរបាលការពារព្រំដែន៧៩៣ ថវិកាចំនួន ១០.០០០.០០០រៀល, ឧបត្ថម្ភ ប្រេងម៉ាស៊ូត សម្ភារ និងគ្រឿងឧបភោគបរិភោគ ដូចជាមី ទឹកបរិសុទ្ធទឹកត្រី+ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ប្រេងឆា ទឹកសណ្តែក។

ឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ១២៨ ថវិកាចំនួន ៤០.០០០.០០០រៀល។

ឧបត្ថម្ភជូនវរសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥ វរសេនាតូច ក្នុង ១ វរៈ ឧបត្ថម្ភថវិកា ចំនួន ២០.០០០. ០០០រៀល,កសាងលេណដ្ឋានបញ្ជា(បេតុង)១កន្លែង អស់ថវិកាចំនួន ៣៩.៥០០.០០០រៀលទិញគោយន្តកន្ត្រៃចំនួន ៣ឈុត អស់ថវិកាចំនួន ៣៣.២១០.០០០រៀល,ឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគបរិភោគ។ ឧបត្ថម្ភថវិកាចំនួន ២០.០០០.០០០រៀល និងឧបត្ថម្ភ សម្ភារ និគ្រឿងឧបភោគបរិភោគ ដូចជាមី ទឹកបរិសុទ្ធទឹកត្រី+ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ប្រេងឆា ទឹកសណ្តែក។

ឧបត្ថម្ភជូនយោធភូមិភាគ ១ ថវិកា ចំនួន ៥.០០០.០០០រៀល៕