FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងភរិយា ជួបសំណេះសំណាល និងចែកអំណោយដល់កម្មករសាងសង់អគារ និងផ្លូវនៅទីស្តីការក្រសួងព័ត៌មាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

07-10-2026 18:40

(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនបងប្អូនកម្មករប្រមាណ ៥០នាក់ ដែលកំពុងបំពេញការងារសាងសង់អគារ និងធ្វើផ្លូវក្នុងទីស្តីការក្រសួងព័ត៌មាន។

ក្នុងឱកាសនេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនកម្មករទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តបំពេញការងារដោយយកចិត្តទុកដាក់ ទាំងថ្ងៃទាំងយប់ ដើម្បីធានាឱ្យការងារសាងសង់អគារ និងផ្លូវក្នុងទីស្តីការក្រសួងព័ត៌មាន ប្រព្រឹត្តទៅដោយរលូន និងសម្រេចបានតាមផែនការដែលបានកំណត់។

លោករដ្ឋមន្ត្រីក៏បានរម្លឹក និងណែនាំដល់បងប្អូនកម្មករទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពការងារ ប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវ និងបំពេញភារកិច្ចដោយប្រុងប្រយ័ត្ន ដើម្បីធានាបាននូវគុណភាពការងារ និងសុវត្ថិភាពផ្ទាល់ខ្លួន។

វត្តមានរបស់រដ្ឋមន្ត្រី និងលោកស្រី ក្នុងការជួបសំណេះសំណាល និងចែកអំណោយក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ និងការលើកទឹកចិត្តដ៏កក់ក្តៅចំពោះបងប្អូនកម្មករ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីស្តីការក្រសួងព័ត៌មាន ឱ្យកាន់តែមានសោភ័ណភាព និងប្រសិទ្ធភាពខ្ពស់៕