នាយឧត្តមសេនីយ៍ ខេង សុមេធ ចាត់ឲ្យក្រុមការងារយកអំណោយរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារវីរៈនគរបាលដែលបានពលី ក្នុងសមរភូមិ ប្រយុទ្ធ ជាមួយកងទ័ពឈ្លានពានថៃ
07-10-2026 18:11
(ភ្នំពេញ)៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ក្រុមគ្រួសារវីរៈនគរបាលដែលបានពលីជីវិត។
ក្រុមការងារដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារវីរៈនគរបាលចំនួន ៤គ្រួសារ ដែលបានពលីជីវិតក្នុងសមរភូមិសង្គ្រាមប្រយុទ្ធប្រឆាំងជាមួយកងទ័ពថៃឈ្លានពានទឹកដីកម្ពុជានាពេលកន្លងមក។ គ្រួសារវីរៈនគរបាលទាំងបួននេះ រស់នៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ក្រុមការងារក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនក្រុមគ្រួសារវីរៈនគរបាលពលីទាំង ៤គ្រួសារ រួមមាន៖ អង្ករចំនួន ២០បាវ, ត្រីខចំនួន ១២កេស, មីចំនួន ៧២កេស, ទឹកបរិសុទ្ធចំនួន ៦០កេស, ទឹកក្រូចចំនួន ៦០កេស និងថវិកាមួយចំនួនផងដែរ។
កាយវិការដ៏សប្បុរសធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំចំពោះវីរៈភាព និងការលះបង់របស់កងកម្លាំងនគរបាលជាតិ ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពរបស់ជាតិ៕







