ស្មារតីសាមគ្គីភាព និងក្ដីអាណិតអាសូរ! ក្រុមការងារចុះជួយសង្កាត់ព្រៃញី ចែកអំណោយជូនពលរដ្ឋខ្វះខាត ចំនួន៣៥០គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅវត្តស្រះស្រង់
07-10-2026 18:03
(ពោធិ៍សាត់)៖ ក្នុងបរិយាកាសដ៏អធិកអធម នៃបុណ្យប្រពៃណីជាតិខ្មែរ គឺពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦នេះ នៅវត្តស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់, លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រៃញី រួមជាមួយលោកអនុប្រធាន និងសមាជិក-សមាជិកាក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត បិណ្ឌទី១២ និងជួបសំណេះសំណាល នាំយកអំណោយមនុស្សធម៌ មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃញី ចំនួន៣៥០គ្រួសារ។
បន្ទាប់ពិធីសូត្រមន្ត និងការសម្តែងធម្មទេសនា ដោយព្រះគ្រូចៅអធិការវត្តស្រះស្រង់រួចមក, លោក ងួន ប៉ោសេង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ក៏ដូចជាលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងពោធិ៍សាត់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកសូមឱ្យបងប្អូនពុកម៉ែប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ដោយសារធាតុអាកាសមានការផ្លាស់ប្តូរ និងត្រូវប្រុងប្រយ័ត្នខ្ពស់ លើបញ្ហាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។
លោក ងួន ប៉ោសេង បានជម្រាបជូនថា ក្រុមការងាររាជរដ្ឋាភិបាល មិនដែលនៅឆ្ងាយពីបងប្អូនឡើយ គឺយើងតែងតែចុះជាប់ជាប្រចាំ និងចាំជួយបងប្អូនគ្រប់ពេលវេលា មិនថារឿងលិខិតស្នាមផ្សេងៗ ការជួយបងប្អូនពេលដាច់ស្បៀង ឬពេលមានគ្រោះអាសន្ន ជំងឺដង្កាត់ផ្សេងៗនោះទេ ពួកយើងត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្រាលការលំបាករបស់ពុកម៉ែបងប្អូនជានិច្ច។
លោកបន្ថែមថា ឆ្លៀតក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រៃញី (ដែលមានមន្ទីរដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត, មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត, មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ខេត្ត, អង្គភាពរដ្ឋាករទឹកខេត្ត, អង្គភាពរតនាគារខេត្ត និងអនុវិទ្យាល័យពោធិ៍សាត់) បានរៀបចំជាអំណោយមនុស្សធម៌ មកចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៣៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម និងសារុង១។ ទោះបីអំណោយនេះមានចំនួនតិចតួចក្ដី តែវាគឺជាទឹកចិត្ត និងស្មារតីនៃការចែករំលែកសេចក្ដីស្រលាញ់ របស់ក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រៃញី ក្នុងគ្រួសារតែមួយ។
លោកសូមឧទ្ទិសកុសលផលបុណ្យ នៃការចូលរួមបរិច្ចាកធនធានរបស់ក្រុមការងារ សូមជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ញាតិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅ ជាពិសេសសូមឧទ្ទិសកុសលជូន ដួងវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដី។
លោកប្រធានក្រុមការងារ បានរំលឹកផងដែរថា សម្រាប់ការបោះឆ្នោតជាតិកន្លងមក សង្កាត់ព្រៃញី ទទួលបានលេខ១ ទូទាំងក្រុងពោធិ៍សាត់ ដែលនេះជាមោទនភាពក្រៃលែង។ អាស្រ័យហេតុនេះ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ គាំទ្រ និងបោះឆ្នោតយកឈ្នះបន្ថែមទៀត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅឆ្នាំ២០២៧ខាងមុខ ដើម្បីទទួលបានកាដូថ្មីៗ មកកសាង និងអភិវឌ្ឍន៍ ក្នុងមូលដ្ឋានសង្កាត់ព្រៃញីឱ្យរីកចម្រើន។
គួរជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំបំផុតរបស់កម្ពុជា ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងរយៈពេល ១៥ថ្ងៃ។ ពិធីនេះមិនត្រឹមតែជារយៈកាលនៃការធ្វើទានឧទ្ទិសកុសលដល់ជនដែលបានចែកឋានទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងនូវវប្បធម៌ដ៏ផូរផង់ ការបង្ហាញពីសហគមន៍សាមគ្គីភាពដ៏រឹងមាំ និងការថែរក្សាឫសគល់នៃប្រពៃណីព្រះពុទ្ធសាសនាដ៏យូរលង់របស់បុព្វបុរសខ្មែរយើង ឱ្យគង់វង្សស្ថិតស្ថេរគត់មត់ដល់កូនចៅជំនាន់ក្រោយៗទៀត៕








































