FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ រម្លឹកពលរដ្ឋគ្រប់អាយុ អញ្ជើញចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា​ (Video inside)

07-10-2026 16:08

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្តែងការរីករាយចំពោះដំណើរការរៀបចំការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត ក៏ដូចជាការធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ប្រជាពលរដ្ឋ ដែលបានប្រព្រឹត្តទៅដោយរលូន និងទទួលបានការចូលរួមយ៉ាងសកម្ម និងជំរុញប្រជាពលរដ្ឋដែលទើបគ្រប់អាយុបោះឆ្នោត សូមអញ្ជើញមកចុះឈ្មោះឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានសិទ្ធិពេញលេញក្នុងការបញ្ចេញមតិរបស់ខ្លួនតាមរយៈការបោះឆ្នោត។

ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅការិយាល័យចុះឈ្មោះបោះឆ្នោត ក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ​ ក្រោមវត្តមានលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប), លោក វ៉ី សំណាង បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋដែលបានអញ្ជើញមកកាន់សាលាឃុំ មានទឹកមុខរីករាយ និងពេញចិត្ត ដោយរំពឹងថាពួកគេនឹងមានឱកាសបញ្ចេញនូវគំនិតទស្សនៈរបស់ខ្លួនតាមរយៈការបោះឆ្នោតជ្រើសររើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខ។

អភិបាលខេត្តតាកែវ បានឱ្យដឹងថា ក្នុងខេត្តតាកែវ មានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតប្រមាណ ៧២ម៉ឺននាក់។ ប៉ុន្តែ​ក្នុងចំណោមនេះ អ្នកដែលត្រូវចុះឈ្មោះថ្មី មានប្រមាណជាង ២​​ ២០០០នាក់។ ខណៈធ្វើជីវមាត្រ បូករួមទាំងអ្នកគ្រប់អាយុចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជិត ៣០ម៉ឺននាក់។

ក្នុងនាមអាជ្ញាធរខេត្ត លោក វ៉ី សំណាង បានអំពាវនាវដល់លោកយាយ លោកតា ពុកម៉ែ មាមីង បងប្អូន កូន ក្មួយទាំងអស់ ជាពិសេសអ្នកដែលធ្លាប់បានចុះឈ្មោះកន្លងមក ឱ្យអញ្ជើញមកពិនិត្យបញ្ជីឈ្មោះឡើងវិញ ដើម្បីបញ្ជាក់ឱ្យបានច្បាស់ថាខ្លួននឹងមិនបាត់បង់សិទ្ធិបោះឆ្នោត។ ចំពោះការបាត់សិទ្ធិបោះឆ្នោតនេះមិនមែនត្រូវ គ.ជ.ប លុប ឈ្មោះចេញពីបញ្ជីបោះឆ្នោតនោះទេ។​ ការមិនបានធ្វើបច្ចុប្បន្នភាពអាចបណ្តាលឱ្យ មានការប្រែប្រួលទិន្នន័យ ឬមុខមាត់ ដែលអាចបង្កជាបញ្ហានៅពេលទៅបោះឆ្នោត។

ជាមួយគ្នានេះ លោក វ៉ី សំណាង បានឱ្យដឹងថា ប្រទេសកម្ពុជា ជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដូច្នេះការចូលរួមបោះឆ្នោតគឺជាការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋក្នុងការជ្រើសរើស មេដឹកនាំមូលដ្ឋានរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ ការចូលរួមចុះឈ្មោះ និងបោះឆ្នោត គឺជាកត្តាចាំបាច់ដើម្បីធានាបាននូវដំណើរការប្រជាធិបតេយ្យប្រកបដោយតម្លាភាព និងយុត្តិធម៌។

គួរឱ្យដឹងថា ការិយាល័យចុះឈ្មោះបោះឆ្នោត នៃឃុំសង្កាត់ទាំង ១ ៦៥២ទូទាំងប្រទេស​ បានបើកដំ​​ណើរកា​​រ​​ព្រមៗគ្នានៅតាមសាលាឃុំ សង្កាត់ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីបម្រើសេវាជូនប្រជាព​​លរដ្ឋដែលអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ទោះបីភូមិសាស្រ្តខ្លះនៃឃុំ សង្កាត់មួយចំនួនទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងក៏ដោយ។

នៅឆ្នាំ២០២៦នេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ គឺមានរយៈពេល ៥៥ថ្ងៃ ដោយចាប់ដំណើរការពីថ្ងៃទី៧ ខែតុលានេះតទៅ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២​​​០​២​​៦ ជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ។ ពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មិនមានឈ្មោះក្នុ​​ងបញ្ជីបោះឆ្នោត អាចទៅចុះឈ្មោះនៅតាមឃុំសង្កាត់ក្នុងមូលដ្ឋានរស់នៅដោយភ្ជាប់ទៅជាមួយអត្តស​​ញ្ញា​ណបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោ​​ត៕