ប្រកាសចូលកាន់តំណែងអភិបាលស្រុកចំនួន៣ នៅខេត្តកណ្ដាល, អភិបាលខេត្ត ផ្ដាំឲ្យធ្វើជាមេល្អ និងមន្ត្រីទាំងអស់ត្រូវប្ដេជ្ញាចិត្តកសាងស្នាដៃបន្សល់ទុកជាសមិទ្ធផលល្អសម្រាប់សង្គមជាតិ

07-10-2026 15:52

(កណ្ដាល)៖ នៅថ្ងៃទី៦-៧ ខែតុលា​​ ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្តាល បានរៀបចំប្រកាសចូលកាន់តំណែងអភិបាលស្រុកចំនួន៣ ដែលត្រូវបានផ្ទេរទៅវិញទៅមក ដើម្បីបង្កើនប្រសិទ្ធការងារ និងបម្រើប្រជាពរលរដ្ឋតាមមូលដ្ឋាន។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក នូ សាន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរលោក ចាប ចន្ទវិទ្យា ពីអភិបាលស្រុកលើកដែក ទៅជាអភិបាលស្រុកកណ្ដាលស្ទឹង។ លោក អ៊ូច សៅវឿន ពីអភិបាលស្រុកកណ្តាលស្ទឹង ទៅជាអភិបាលស្រុកស្រុកពញាឮ។ លោក ឃឹម សំភារ ពីអភិបាលក្រុងតាខ្មៅ ទៅជាអភិបាលស្រុកល្វាឯម។ លោក លីវ វណ្ណថេង ពីអភិបាលស្រុកល្វាឯម ទៅជាអភិបាលក្រុងតាខ្មៅ។

នៅក្នុងឱកាសនោះ អភិបាលខេត្តកណ្ដាល បានថ្លែងថា ដើម្បីកសាងស្នាដៃបាន មន្រ្តីរាជការត្រូវខិតខំធ្វើការសិក្សា រៀនសូត្រ សហការគ្នាល្អច្នៃប្រឌិតបន្ថែមទទួលខុសត្រូវ ស្របតាមគោលការណ៍ និងច្បាប់ ក្នុងន័យនេះការបំពេញភារកិច្ចរបស់មន្ត្រីរាជការ មិនមែនគ្រាន់តែជាការមកបំពេញការងារតាមទម្លាប់ប្រចាំថ្ងៃនោះឡើយ ប៉ុន្តែត្រូវស្តែងចេញតាមរយៈសមិទ្ធផលជាក់ស្តែងដែលបន្សល់ទុក។

លោកថា «ជាមេ គឺត្រូវចេះគិតគូរ ចេះគ្រប់គ្រង ចេះដឹកនាំ ចេះចាត់ចែង ចេះប្រើមនុស្ស តាមទេពកោសល្យ ដោយអំណាច ឋានានុក្រម គោលការណ៍ ច្បាប់ និងមនោសញ្ចេតនា ចេះតាមដាន ចេះត្រួតពិនិត្យ ចេះវាយតម្លៃ និងចេះលើកទឹកចិត្ត។ បន្ថែមពីនេះ ជាប្រធានអង្គភាព មិនមែនមានអំណាចដកដាក់មន្ត្រីគឺជាសមត្ថភាពនោះទេ, ចេះដឹកនាំមន្ត្រីគ្រប់រូបដែលមានស្រាប់ឱ្យសម្រេចបានជោគជ័យ ទើបជាសមត្ថភាពពិត, ការដកដាក់គឺធ្វើឡើងចំពោះតែបុគ្គលដែលផ្គើនបំពានច្បាប់ប៉ុណ្ណោះ»។

ទន្ទឹមនឹងនោះដែរ អភិបាលខេត្តកណ្តាល បានណែនាំដល់អភិបាលស្រុកថ្មីស្រុកទាំង៣ ឱ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ បន្តកែលម្អការផ្តល់សេវាសាធារណៈ ព្រមទាំងជំរុញការ អភិវឌ្ឍមូលដ្ឋានឱ្យមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកណែនាំឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការគ្រោះថ្នាក់ចរាចរណ៍ ទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ជាពិសេសបទល្មើសតាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីការពារសុវត្ថិភាព និងផលប្រយោជន៍របស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ទន្ទឹមនឹងនេះ លោកអភិបាលស្រុកថ្មី ត្រូវបន្តកែលម្អការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព និងមានតម្លាភាព ព្រមទាំងយកចិត្តទុកដាក់លើការអភិវឌ្ឍមូលដ្ឋាន ដោយធានាថា គម្រោងសំណង់នានាមានគុណភាព ស្របតាមស្តង់ដារ អនុវត្តបានទាន់ពេលវេលា និងមានតម្លៃសមស្រប។

លើសពីនេះ លោកអភិបាលខេត្ត បានជំរុញឱ្យរដ្ឋបាលស្រុកទាំង៣ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជន ឱ្យយល់ដឹង និងចេះប្រើប្រាស់កម្មវិធី App NoDrug ដើម្បីចូលរួមផ្តល់ព័ត៌មានអំពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានទៅកាន់សមត្ថកិច្ច ដោយរក្សាការសម្ងាត់ ដើម្បីរួមគ្នាទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋចូលរួមបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងសហគមន៍។

ក្នុងឱកាសនោះ លោក គួច ចំរើន បានបន្តថា ការផ្ទេរ និងទទួលមុខតំណែង គឺជាស្ពានផ្សារភ្ជាប់កាតព្វកិច្ច និងបេសកកម្មពីថ្នាក់ដឹកនាំមួយទៅថ្នាក់ដឹកនាំមួយទៀត ដើម្បីធានាភាពរឹងមាំ និងប្រសិទ្ធភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកបានបញ្ជាក់ថា តួនាទីជាអភិបាលស្រុក មិនមែនគ្រាន់តែជាតំណែងនៅលើក្រដាសស្នាមនោះទេ ប៉ុន្តែជាសក្ខីភាពនៃសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល ដែលទាមទារឱ្យអ្នកកាន់តំណែងមានឆន្ទៈ ភាពជាអ្នកដឹកនាំ និងសេចក្តីស្មោះត្រង់ ក្នុងការរួមសុខរួមទុក្ខ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌ៕