រដ្ឋបាលខេត្តស្ទឹងត្រែង ចែកអំណោយស្បៀងអាហារជូនកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពន្ធនាគារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
07-10-2026 15:36
(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានរៀបចំពិធីពាំនាំយកអំណោយស្បៀងអាហារ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីពន្ធនាគារខេត្ត ដើម្បីចូលរួមសម្រាលជីវភាព និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។
ពិធីចែកអំណោយស្បៀងអាហារនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីសមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
នាឱកាសដ៏ថ្លៃថ្លានោះ លោក សរ សុពុត្រា អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងគិតគូរខ្ពស់បំផុតពីសំណាក់ថ្នាក់ដឹកនាំកំពូលនៃកម្ពុជា ជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពន្ធនាគារទាំងអស់ ដែលតែងតែលះបង់កម្លាំងកាយចិត្តកន្លងមក។
លោកអភិបាលខេត្តបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់ និងការទទួលខុសត្រូវខ្ពស់របស់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ (កងទ័ព កងរាជអាវុធហត្ថ និងនគរបាល) ព្រមទាំងមន្ត្រីពន្ធនាគារខេត្ត ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបានយ៉ាងល្អប្រសើរ។
លោកបានគូសបញ្ជាក់ថា ទោះបីជាស្ថិតក្នុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យជាតិ ឬបុណ្យភ្ជុំបិណ្ឌនេះក្តី ក៏កងកម្លាំងរបស់យើងមិនបានឈប់សម្រាក ឬជួបជុំក្រុមគ្រួសារដោយស្ងប់ចិត្តឡើយ ដោយត្រូវឈរជើងប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ការលះបង់សេចក្តីសុខផ្ទាល់ខ្លួននេះ គឺជាគំរូ និងជាគុណបំណាច់យ៉ាងធំធេងចំពោះជាតិ និងប្រជាជន។
ការផ្តល់អំណោយស្បៀងអាហារនាពេលនេះ មិនត្រឹមតែជាការជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការស្តែងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ ដែលជាឆ្អឹងខ្នងយ៉ាងរឹងមាំក្នុងការការពារសន្តិភាព និងស្ថិរភាពសង្គម៕

















