FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជំរុញការដាំ និងថែរក្សាដើមឈើ ដើម្បីប្រែក្លាយសង្កាត់ទាំង១០ ជាសង្កាត់បៃតង និងមានបរិស្ថានកាន់តែល្អប្រសើរ

07-10-2026 15:37

(ភ្នំពេញ)៖ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទួលគោក និងជាប្រធាន
ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨ បានជំរុញឱ្យអាជ្ញាធរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមដាំដើមឈើគ្រប់ទីកន្លែងដែលមានដីទំនេរអាចដាំបាន ដោយត្រូវជំរុញដួងចិត្តបណ្តុះរុក្ខជាតិបៃតង រីកសាយភាពជាទូទៅក្នុងមូលដ្ឋាន សំដៅយ៉ាងណាឱ្យប្រែក្លាយសង្កាត់ទាំង១០ ក្នុងខណ្ឌទួលគោក ជាសង្កាត់បៃតង និងមានបរិស្ថានកាន់តែល្អប្រសើរ។

ការជំរុញបែបនេះរបស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានធ្វើឡើងក្នុងឱកាសតំណាងទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌទួលគោក អញ្ជើញជាអធិបតីក្នុងពិធីដាំដើមឈើ និងចែកកូនឈើ ក្រោមប្រធានបទ៖ «រួមគ្នាដាំដើមឈើ រួមគ្នាការពារបរិស្ថាន» ដើម្បីរក្សាស្មារតី រុក្ខទិវា ៩ កក្កដា ក្នុងបរិវេណវិទ្យាល័យ ជា ស៊ីម សាមគ្គី នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦។ ពិធីនេះ សហការរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាគ៧៨ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់បឹងសាឡាង។

យោងតាមរបាយការណ៍របស់លោកអភិបាលរងខណ្ឌទួលគោក និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារ ស.ស.យ.ក វិស័យកសិកម្ម សម្រាប់ពិធីដាំដើមឈើ និងចែកកូនឈើ ក្នុងបរិវេណប្រារព្ធពិធីនាពេលនេះ គឺមានការដាំដើមឈើ ៣៨ដើម (នាងនួន ៣០ដើម ធ្នង់ ៨ដើម) និងបានដាំដើមឈើចំនួន ៨៩៣ដើម ផ្សេងទៀតនៅក្រៅទីតាំងប្រារព្វពិធី ដូចជា ឧទ្យាន គ្រឹះស្ថានសិក្សា វត្តអារាម និងទីតាំងសាធារណៈ។ ជាមួយគ្នានេះ កូនឈើចម្រុះប្រភេទចំនួន ៥០០ដើម បែងចែកជា ៨ប្រភេទ (រួមមាន៖ ព្រីង គគីរ ឈើទាល ធ្នង់ ច្រេស បេង កណ្តឹងមាស និងអង្គាបុស្ស) បានត្រៀមទុកសម្រាប់ចែកជូនតំណាងរដ្ឋបាលខណ្ឌ លោកគ្រូ អ្នកគ្រូ សិស្សានុ-សិស្ស និងបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅដាំនៅតាមទីវត្តអារាម ដងផ្លូវសាធារណៈ និងលំនៅឋានរៀងៗខ្លួនផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ សម្រេចបានជាពិសេសការងារដាំដើមឈើ និងបណ្ដុះចែកចាយកូនឈើនាពេលកន្លងមក។

លោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានបន្ថែមថា សកម្មភាពដ៏ប្រពៃនេះ គឺជាសក្ខីភាពមួយបង្ហាញយ៉ាងច្បាស់អំពីការដង្ហែរតាមព្រះរាជតម្រិះរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និងព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ដែលតែងបានយកព្រះទ័យទុកដាក់ជាអាទិភាពលើវិស័យព្រៃឈើ និងការដាំដើមឈើ។ ឯកឧត្តមក៏បានរំឭកអំពីទស្សនវិស័យរបស់ព្រះបរមរតនកោដ្ឋ ដែលបានបំផុសចលនាដាំដើមឈើហៅថា «រុក្ខទិវា» នៅក្នុងឆ្នាំ១៩៥២ និងការផ្តួចផ្តើមបង្កើតឡើងវិញនូវពិធី «រុក្ខទិវា» ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ១៩៩០។

លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ជួយថែរក្សាការពារដើមឈើ ដែលបានដាំរួចឱ្យបានដុះលូតលាស់ល្អ គង់វង្ស និងចៀសផុតពីការបំផ្លាញគ្រប់រូបភាព។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទួលគោកនឹងបន្តកិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ និងក្រុមការងារ ស.ស.យ.ក.គ៧៨ ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមដាំដើមឈើគ្រប់ទីកន្លែងដែលមានដីទំនេរអាចដាំបាន ដោយត្រូវជំរុញដួងចិត្ត បណ្តុះរុក្ខជាតិបៃតង រីកសាយភាពជាទូទៅក្នុងមូលដ្ឋាន សំដៅយ៉ាងណាឱ្យប្រែក្លាយសង្កាត់ទាំង១០ ក្នុងខណ្ឌទួលគោក ជាសង្កាត់បៃតង និងមានបរិស្ថានកាន់តែល្អប្រសើរដើម្បីបង្កើនសោភ័ណភាព និងលើកកម្ពស់សុខមាលភាពរបស់ប្រជាជន ដែលជាអាទិភាពចម្បងមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាថ្មីម្ដងទៀត លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ព្រមទាំងក្រុមការងារ បានពាំនាំអំណោយដ៏ថ្លៃថ្លា របស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង និងលោកស្រី ឡុង វិសាខា ជូន លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះចំនួន ១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ១០គីឡូក្រាម មី១កេស ទឹកស៊ីអ៉ីវ១យួរ និងថវិកា ២ម៉ឺនរៀល ព្រមទាំងក្មួយៗសិស្សានុសិស្ស ចំនួន ១០០នាក់ ដោយក្នុងម្នាក់ៗទទួលបានសៀវភៅសរសេរមួយក្បាល ប៊ិកមួយដើម និងថវិកា ១ម៉ឺនរៀល៕