FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អនុញ្ញាតឱ្យនាយិការអង្គការ UNICEF ប្រចាំកម្ពុជា រួមជាមួយសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

07-10-2026 14:41

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោកស្រី ម៉ាហា ដាម៉ាច (Maha Damaj) នាយិការអង្គការ UNICEF ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះលោកស្រីដែលទទួលបានការតែងតាំងជានាយិការអង្គការ UNICEF ប្រចាំនៅកម្ពុជា និងបានជម្រាបជូនប្រតិភូអំពីចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈចក្ខុវិស័យរបស់ខ្លួនគឺ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្នសមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» ដោយបានដាក់ចេញនូវកម្មវិធីអាទិភាពចំនួន៥ ធ្វើឱ្យតំបន់ជនបទមានសមាហរណកម្ម មានការអភិវឌ្ឍន៍ឆាប់រហ័ស និងធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាព។ តាមរយៈការអនុវត្តនៅកម្មវិធីអទិភាពទាំង៥ នេះ ក្រសួងអភិវឌ្ឍន៍ជនបានសម្រេចបាននូវសមិទ្ធិផលជាច្រើនជូនដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ដោយសមិទ្ធិផលទាំងនោះ ក៏មានការចូលរួមចំណែកពីសំណាក់ដៃគូរអភិវឌ្ឍន៍នានា ក្នុងនោះ UNICEF ក៏ជាដៃគូដ៏ជិតស្និតមួយរបស់ក្រសួងផងដែរ។

លោករដ្ឋមន្ត្រីបានថ្លែងបន្ថែមទៀតថានាពេលកន្លងមក UNICEF បានគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទទាំងធនធាន និងបច្ចេកទេស ដោយផ្តោតខ្ពស់លើវិស័យទឹកស្អាត និងអនាម័យ។ ជាងនេះទៅទៀតនៅពេលកម្ពុជាកុំពុងមានជម្លោះ តាមបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង UNICEF ក៏បានជួយជាសម្ភារៈប្រើប្រាស់ផ្នែកអនាម័យ ការជីកអណ្តូងស្នប់ និងការបំពាក់ភ្លើងបំភ្លឺ ជូនដល់ជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពក្នុងខេត្តចំនួន ០៤ ដែលរួមមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងពោធិសាត់ ផងដែរ។

ជាមួយគ្នានេះ លោកស្រីនាយិការ បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលទាំងឡាយ ដែលកើតចេញពីការខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានោះលោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រសាសន៍ស្វាគមន៍ដ៏ក្បោះក្បាយ និងមានអត្ថន័យរបស់លោករដ្ឋមន្ត្រី ដោយតាមរយៈប្រសាសន៍របស់លោករដ្ឋមន្ត្រី ធ្វើឱ្យលោកស្រីទទួលបានបទពិសោធន៍ថ្មីៗ ជាច្រើនបន្ថែមទៀត លើវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។ លោកស្រីក៏សម្តែងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែជិតស្និតបន្ថែមទៀត ជាពិសេសគឺការផ្តល់ជាជំនួយបច្ចេកទេសលើបញ្ហាកត្តាការប្រែប្រួលអាកាសធាតុបាតុភូត EI Niño (អែលនីញ៉ូ) ដែលកំពុងកើតមាន និងផ្តល់ផលប៉ះពាល់នាពេលបច្ចុប្បន្ននេះ។

ជាថ្មីម្ដងទៀត លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកស្រីនាយិការ និងសហការីដែលបានអញ្ជើញមកនាពេលនេះ។ លោករដ្ឋមន្ត្រី ក៏បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះលោកស្រីនាយិការ ក្នុងការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែរឹងមាំថែមទៀត៕