FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ចាន់ ឈន់ ត្រូវប្រកាសជាប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង ជំនួសលោក កើត សារឿន ដែលត្រូវចូលនិវត្ត

07-10-2026 14:40

(ស្វាយរៀង)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទី៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសតែងតាំងលោក ចាន់ ឈន់ ប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី ជំនួសលោក កើត សារឿន ដែលត្រូវចូលនិវត្តន៍។

ពិធីនេះមានការចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ នៃក្រសួងបរិស្ថាន, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត តំណាងកងកម្លាំងទាំង៣ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្តសរុបវត្តមានប្រមាណ១៥០នាក់។

ក្នុងឱកាសនោះ លោកអភិបាលខេត្តបានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ នៃមន្ទីរបរិស្ថានខេត្ត ក្រោមការដឹកនាំ របស់លោក កើត សារឿន ជាប្រធានមន្ទីរ ក្នុងរយៈពេល ១៤ឆ្នាំ កន្លងមកនេះ ដែលបានខិតខំ យកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ធ្វើការគ្រប់គ្រងដឹកនាំអង្គភាព ឲ្យមានការអភិវឌ្ឍរីកចម្រើន ប្រកបដោយភាពសុខដុមរមនា និងចូលរួមចំណែកយ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្តក្នុងការផ្តល់សេវាបរិស្ថាន ការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត ជាពិសេសក្នុងកិច្ចសហការប្រតិបត្តិលើការងារលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយបរិស្ថាន ធានាបាននូវប្រសិទ្ធភាព នៃការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ នៅថ្នាក់ក្រោមជាតិបានល្អប្រសើរ បម្រើឲ្យផលប្រយោជន៍ និងតម្រូវការរបស់ប្រជាពលរដ្ឋ ការវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះក៏សូមចូលរួមអបអរសាទរលោក កើត សារឿន ត្រូវបានរាជរដ្ឋាភិបាលស់ម្រេចតែងតាំង ជាទីប្រឹក្សាក្រសួងបរិស្ថាននាពេលថ្មីៗនេះផងដែរ។

លោកបន្ថែមថា ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្ត ដោយលោក ចាន់ ឈន់ ត្រូវបានតែងតាំងជាប្រធានមន្ទីរ ជំនួសលោក កើត សាវឿន ដែលត្រូវដល់អាយុចូលនិវត្តន៍តាមច្បាប់កំណត់ ហើយការប្រកាសចូល កាន់ មុខតំណែងនាពេលនេះ គឺជាការតែងតាំង ប្រគល់តួនាទីភារកិច្ច និងជាការផ្តល់នូវការទទួលខុសត្រូវមួយថែមទៀត ដែលតម្រូវឲ្យសាមីខ្លួនត្រូវតែបញ្ចេញឲ្យអស់ពីសមត្ថភាព លទ្ធភាព និងទេពកោសល្យ ដើម្បីធ្វើឲ្យអង្គភាពមានការប្រែប្រួលមុខមាត់ថ្មី សំដៅធានារ៉ាប់រងបាននូវភារកិច្ចស្នូលទាំងឡាយ ដែលអង្គភាពត្រូវបំពេញ និងទទួលខុសត្រូវចំពោះមុខស្ថាប័ន និងភារកិច្ចទាំងឡាយផ្សេងៗ ទៀត ទៅតាមការចាំបាច់ និងភាពជាក់ស្តែង ដែលក្រសួង និងរដ្ឋបាលខេត្ត ប្រគល់ជូន។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាន៍គាំទ្រនូវរាល់ចំណុចមួយចំនួនដែលអភិបាលខេត្តលើកឡើង នឹងកំពុងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា ក្នុងក្របខណ្ឌ័នៃកំណែទម្រង់ស៊ីជម្រៅ ដើមី្បលើកកម្ពស់ប្រសិទ្ធភាពការងារ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចការពង្រឹងមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សុខសន្តិភាព និងស្ថិរភាពនយោបាយឲ្យកាន់តែរឹងមាំ។

ទន្ទឹមនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីតួនាទីភារកិច្ច ស្នូលនៃមន្ទីរបរិស្ថាន ចំពោះកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈ ចម្រុះ និង ការអភិវឌ្ឍដោយចីរភាព និងបានធ្វើការផ្តាំផ្ញើផ្តល់ នូវអនុសាសន៍មួយចំនួន សម្រាប់លោកប្រធានមន្ទីរបរិស្ថានដែលទើបឡើងកាន់មុខតំណែងថ្មី ដើមី្បអនុវត្តពីតួនាទី ភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលដូចជា ត្រូវគោរពឲ្យបាននូវច្បាប់យកឧត្តមប្រយោជន៍ជាតិជាធំ និងអនុវត្តនូវ គោលនយោបាយកម្មវិធីថ្នាក់ជាតិ ព្រមទាំងបង្កើនការទំនាក់ទំនងឲ្យបានល្អ ជាមួយថ្នាក់ដឹកនាំ មន្ទីរ/អង្គភាពក្នុងខេត្ត ត្រូវបង្កើនចំណេះដឹង ពង្រឹង សាមគ្គីផ្ទៃក្នុងឲ្យបានល្អ ក្នុងការដឹកនាំមន្ត្រីក្នុងមន្ទីររបស់ខ្លួនឲ្យបានល្អទៅអនាគត ដោយតម្កល់ខ្ពស់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ៕