ក្នុងឱកាសភ្ជុំបិណ្ឌ! អភិបាលខេត្តកែប ណែនាំឲ្យមន្រ្តីជំនាញរៀបចំសណ្តាប់ធ្នាប់ សេវាកម្មឱ្យបានល្អ ដើម្បីបង្កលក្ខណៈងាយស្រួល ផ្តល់ភាពកក់ក្តៅ និងចៀសវាងការឡើងថ្លៃទំនិញនាំឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរ
07-10-2026 14:33
(កែប)៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំមន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព អនាម័យ និងបរិស្ថានឱ្យបានល្អ ជាពិសេសក្នុងនាមខេត្តកែប ដែលជាខេត្តទេសចរណ៍ ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។
លើកឡើងនេះលោកអភិបាលខេត្ត និងលោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃសាលាខេត្តកែប ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកែប ដែលពិធីនេះមានការចូលរួមពីលោក-លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃសាលាខេត្តកែប។
ក្នុងឱកាសនោះលោកបណ្ឌិត សោម ពិសិដ្ឋ បានណែនាំមន្ត្រីរាជការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ ការគោរពគ្នាទៅវិញទៅមក តាមឋានានុក្រម និងត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ចរបស់ខ្លួន ព្រមទាំងត្រូវខិតខំបំពេញការងារឱ្យបានល្អ និងបម្រើប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា។
លោកអភិបាលខេត្ត ក៏បានណែនាំបន្ថែមដល់មន្ទីរ និងអង្គភាពជំនាញជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ លើការងារជំនាញរបស់ខ្លួន និងត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាប្រសិទ្ធភាពការងារ។
អភិបាលខេត្ត ក៏បានណែនាំឱ្យមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព អនាម័យ និងបរិស្ថាននៅតាមតំបន់សាធារណៈ និងតំបន់ទេសចរណ៍ឱ្យបានល្អ ជាពិសេស ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងទំនិញ និងសេវាកម្ម ដើម្បីចៀសវាងបញ្ហាផ្សេងៗកើតឡើង ដូចជា ការឡើងថ្លៃទំនិញ ដោយមិនសមស្រប ដែលអាចប៉ះពាល់ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕






























