FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន, លោកស្រី បាន ស្រីមុំ ក្រើនរំលឹកមន្រ្តីត្រូវមើលឡើងវិញរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា

07-10-2026 14:30

(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ខ្លួនស្ថិតក្រោមអធិបតីភាព លោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រីសមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១.ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើក ទី២៨ ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤, ២.ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំ ខែ កញ្ញាឆ្នាំ២០២៦ និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តប៉ៃលិន, និង៣. បញ្ហាផ្សេងៗ។

ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកស្រីបណ្ឌិត បាន ស្រីមុំ បានក្រើនរំលឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរ ក្រុង/ ស្រុក ត្រូវមើលឡើងវិញ នូវរាល់បញ្ហានាពេល កន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យ បានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ព្រមទាំង សហការគ្នាជួយសម្របសម្រួលរកការងារជូនពួកគាត់ផងដែរ ក្នុងនោះអាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ត្រូវណែនាំ និងជំរុញឱ្យប្រជាពលរដ្ឋមកពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី០៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ (មានរយៈពេល ៥៥ ថ្ងៃ)។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានសហការគ្នាធ្វើការងារ តាមតួរនាទីភារៈកិច្ច ប្រកបដោយការទទួលខុស ត្រូវខ្ពស់ជាពិសេស បានចូលរួមក្នុងការការពារបូរណៈភាពទឹកដី, ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការបង្ក្រាប បទល្មើសបច្ចេកវិជ្ជា Online Scams, ការបម្រើ សេវាសាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅ តាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែកឱ្យខេត្តប៉ៃលិន យើងមានភាពរីកចម្រើនស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោក ជា ចាន់ឌិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកស្រីបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានា ជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំ មានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្ត បន្ទាប់គួរជាទីមោទន ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះការ កែប្រែមុខមាត់ថ្មី របស់ខេត្តប៉ៃលិន ជាពិសេសបានជួយសម្របសម្រួលដោះស្រាយបញ្ហាជូនប្រជាពលករ ដែលវិញត្រឡប់ មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងបានស្វះស្វែងទំនាក់ទំនងជាមួយក្រុមហ៊ុនរកការងារជូនបងប្អូន ពលករទាំងនោះផងដែរ។

នៅក្នុងឱកាសនោះផងដែរ លោកប្រធានក្រុមប្រឹក្សា បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយក ចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់ រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ៕