ប្រធាន គ.ជ.ប និងអភិបាលខេត្តតាកែវ ចុះត្រួតពិនិត្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅខេត្តតាកែវ (Video inside)
07-10-2026 13:52
(តាកែវ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅការិយាល័យចុះឈ្មោះបោះឆ្នោត ក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ពិធីនេះមានការចូលរួមពីសំណាក់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ថ្នាកដឹកនាំ គ.ជ.ប និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។ ដំណើរចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងធានាឱ្យដំណើរការចុះឈ្មោះប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងស្របតាមនីតិវិធីច្បាប់។
លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃដំណើរការនេះ ដែលជាដំណាក់កាលដ៏សំខាន់បំផុតមួយ ក្នុងការរៀបចំបញ្ជីបោះឆ្នោតប្រកបដោយគុណភាព ពេញលេញ ត្រឹមត្រូវ សុវត្ថិភាព និងមានបច្ចុប្បន្នភាព សម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧។
ក្នុងឱកាសនោះដែរ ប្រធាន គ.ជ.ប ក៏បានសង្កត់ធ្ងន់លើការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់អ្នកបោះឆ្នោត ជាពិសេសចំពោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និង២០១៧ ហើយមិនទាន់បានធ្វើបច្ចុប្បន្នភាពពីមុនមក។ ការធ្វើបច្ចុប្បន្នភាពនេះ គឺចាំបាច់ដើម្បីធានាថាទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោតនៅតែមានភាពស៊ីសង្វាក់គ្នា និងអាចកំណត់អត្តសញ្ញាណបានច្បាស់លាស់នៅថ្ងៃបោះឆ្នោត។
គួរឱ្យដឹងថា ការិយាល័យចុះឈ្មោះបោះឆ្នោតនៃឃុំ សង្កាត់ទាំង ១.៦៥២ ទូទាំងប្រទេស បានបើកដំណើរការព្រមៗគ្នានៅតាមសាលាឃុំ សង្កាត់ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋដែលអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ទោះបីភូមិសាស្រ្តខ្លះនៃឃុំ សង្កាត់មួយចំនួនទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក៏ដោយ។
សូមជម្រាបជូនថា នៅឆ្នាំនេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ គឺមានរយៈពេល ៥៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ រហូតដល់ ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ រហូតដល់ ៥:៣០នាទី។
គ.ជ.ប សូមអញ្ជើញ៖
*ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំកន្លងមក ទៅពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ដែលមានបិទផ្សាយនៅសាលាឃុំ សង្កាត់ និងទីប្រជុំជនក្នុងឃុំ សង្កាត់ ឬអាចចូលពិនិត្យមើលតាមអាសយដ្ឋានវេបរបស់ គ.ជ.ប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH។ ប្រសិនបើពិនិត្យឃើញថា ទិន្នន័យក្នុងបញ្ជីបោះឆ្នោតមិនត្រឹមត្រូវ សាមីខ្លួនអាចទៅស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោតតាមករណីនីមួយៗ ដូចជាឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬមានបំណងប្ដូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ ឬផ្លាស់ប្ដូរឯកសារចុះឈ្មោះបោះឆ្នោត
*ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក អញ្ជើញទៅធ្វើបច្ចុប្បន្នភាព (ថតរូប និងផ្ដិតមេដៃ) ឡើងវិញជាមួយក្រុមចុះឈ្មោះបោះឆ្នោត
*ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩ ឬប្រជាពលរដ្ឋដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
គ.ជ.ប សូមអំពាវនាវដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ មេត្តាជួយផ្សព្វផ្សាយបន្ត និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមសហការតាមតួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីដែលនៅជាធរមាន៕

















