FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកពីការខិតខំដោះស្រាយ ជូនប្រជាពលរដ្ឋរងគ្រោះដោយជម្លោះព្រំដែន ៧០ម៉ឺននាក់, យោធិនពលី, យោធិនពិការ និងយោធិនសមរភូមិមុខ (Video inside)

07-10-2026 13:08

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ បានលើកឡើងអំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារសង្គ្រាមព្រំដែនកម្ពុជា-ថៃ ប្រមាណ៧០ម៉ឺននាក់ រួមទាំងបងប្អូនយោធិនពលី, យោធិនពិការ និងយោធិនសមរភូមិមុខ។

ក្នុងឱកាសអញ្ជើញក្នុងពិធីអបអរសាទរខួប៨០ ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី សម្តេចបញ្ជាក់ថា​ ប្រជាជនដែលរងគ្រោះនៃជម្លោះព្រំដែនមានប្រមាណ ៧០ម៉ឺននាក់ ដែលចែកចេញជា២ក្រុម គឺទី១៖ ប្រជាពលរដ្ឋដែលអាចត្រឡប់ទៅផ្ទះសម្បែងវិញ បានក្រោយពីមានបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយរដ្ឋាភិបាលបានចំណាយថវិកាជាង១.៦លានដុល្លារ ដើម្បីធ្វើការបោសសម្អាតគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ មុនឱ្យពួកគាត់ត្រឡប់ចូលផ្ទះវិញ និងបានឧបត្ថម្ភថវិកាសម្រាប់ការជួសជុលផ្ទះផងដែរ ដោយអ្នកខូចខាតធ្ងន់ធ្ងរជួយ ២០លានរៀលក្នុង១គ្រួសារ អ្នកខូចខាតកម្រិតធម្មតាជួយ ១២លានរៀលក្នុង១គ្រួសារ និងអ្នកខូចខាតតិចតួចជួយ២លានរៀលក្នុង១គ្រួសារ សរុបប្រជាជនជាង ១៦០៦គ្រួសារទទួលបានផលពីការជំនួយនេះ។

សម្តេចបានបន្ថែមថា សមាគមអតីតយុទ្ធជនក៏បានជួយសាងសង់ផ្ទះថ្មីជួយប្រជាពលរដ្ឋចំនួន ៣៦គ្រួសារដែលត្រូវបានបំផ្លាញទាំងស្រុងដោយសារសង្គ្រាមផងដែរ។ បន្ថែមពីការជួយទាំងនេះ ប្រជាពលរដ្ឋដែលត្រឡប់ទៅផ្ទះសម្បែងវិញនេះ ក៏ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីសមធម៌ ដូចគ្នានឹងអ្នកដែលមានបណ្ណក្រីក្រកម្រិត១ និងកម្រិត២ផងដែរ។ ថែមទាំងបានផ្តល់ស្បៀង និងគ្រាប់ពូជសម្រាប់ការចាប់ផ្តើមបង្កបង្កើនផល។

សម្តេចបញ្ជាក់ទៀតថា ចំពោះប្រជាជនក្រុមទី២ គឺអ្នកដែលមិនទាន់អាចត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ដែលគិតមកដល់ពេលនេះរដ្ឋាភិបាលបានចំណាយថវិកា (ថវិកានេះមិនគិតថវិកាពីដៃគូអភិវឌ្ឍន៍) ដោយបានសាងសង់ផ្ទះជិត ៥០០០ផ្ទះ ចំណាយថវិការដ្ឋចំនួន ៥៩លានដុល្លារ ដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះទាំង៤ខេត្ត ដោយមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើន បន្ថែមដោយការឧបត្ថម្ភថវិកាជំនួយសង្គមផងដែរ។

សម្តេចបន្ថែមថា «រាជរដ្ឋាភិបាលបានកាត់បន្ថយការចំណាយពីក្រសួងស្ថាប័នមួយចំនួន ដើម្បីយកលុយនេះមកជួយប្រជាជនភៀសសឹក [...] នៅខេត្តបន្ទាយមានជ័យមាន ៣៣០៥គ្រួសារបានទទួលផល ខេត្តព្រះវិហារ ៦៩១គ្រួសារ ខេត្តឧត្តរមានជ័យ ៧៩៥គ្រួសារ និងខេត្តពោធិ៍សាត់ ២៧គ្រួសារ សុទ្ធតែយើងជួយឧបត្ថម្ភ កន្លែងខ្លះជួយសង់ផ្ទះ រៀបចំហេដ្ឋារចនាសម្ព័ន្ធ កម្មវិធីបណ្ណសមធម៌ ឧបត្ថម្ភសាច់ប្រាក់ជូនរយៈពេល១ឆ្នាំ និងរកវិធីបង្កើតការងារជូនពួកគាត់ ពេលជួយគ្នានេះព្យាយាមតតាំងផ្លូវទូតដើម្បីទាមទារ ឱ្យគេដោះស្រាយវាស់វែងឡើងវិញដើម្បីបញ្ចប់»។

សម្តេចលើកឡើងទៀតថា តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល គ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៦១ បានជួយពន្យារការទូទាត់សងប្រាក់ប្រចាំខែទាំងដើមទាំងការ សរុប២០០លានដុល្លារ។ សម្រាប់យោធិនប្រតិបត្តិការផ្ទាល់គ្រឹះស្ថានហិរញ្ញវត្ថុចំនួន៧៧ បានពន្យារការទូទាត់សងទាំងដើមទាំងការសរុបជិត ៥០លានដុល្លារ ចំណែកយោធិនពិការ គ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១៤បានពន្យារការសង និងចំពោះយោធិនពលី គ្រឹះស្ថានចំនួន២៣ បានលុបបំណុលទាំងស្រុង។

សម្តេចបន្ថែមទៀតថា ចំពោះយោធិនពលីរដ្ឋាភិបាលបានឧបត្ថម្ភថវិកា ហើយអ្នកអត់ផ្ទះសាងសង់ផ្ទះជូន និងជួយកូនរបស់ពួកគាត់បានចូលបន្តការសិក្សា និងចូលបម្រើកងទ័ពថែមទៀត។

សម្តេចបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលមិនមានលទ្ធភាពសងផ្ទះសម្បែងប្រជាពលរដ្ឋ ដែលរងការបាញ់បំផ្លាញ ឬព័ទ្ធយកពីសំណាក់កងទ័ពថៃនោះឡើយ ប៉ុន្តែបានសាងសង់ផ្ទះ ដែលសមល្មមសម្រាប់រស់នៅប៉ុណ្ណោះអាសន្ន ហើយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នេះ ពួកគាត់សុទ្ធតែបានយល់ពីស្ថានភាពនេះ លើកឡើងតែអ្នកកេងចំណេញនយោបាយមួយចំនួន ដែលធ្វើមិនយល់៕