រដ្ឋមន្រ្តី ហួត ហាក់៖ ខេត្តកំពង់ធំ នឹងប្រែក្លាយពី «ខេត្តឆ្លងកាត់» ទៅជា «គោលដៅទេសចរណ៍ដែលត្រូវតែឈប់ ត្រូវតែចូល និងត្រូវតែស្នាក់នៅ»
07-10-2026 12:07
(កំពង់ធំ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០» ដើម្បីជាផែនទីបង្ហាញផ្លូវ និងជាក្របខ័ណ្ឌសកម្មភាពរួម សម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពង់ធំ ឱ្យកាន់តែមានគុណភាព ទាក់ទាញ និងប្រកួតប្រជែង។
ពិធីនេះធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងអង្គភាព និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ គ្រឹះស្ថានសិក្សា អ្នកផលិតមាតិកា និងសិក្ខាកាម សរុបប្រមាណ ២៥០នាក់។
ក្នុងឱកាសនេះ លោក ហួត ហាក់ បានបញ្ជាក់ថា ខេត្តកំពង់ធំ គឺជាខេត្តទី១ ក្នុងចំណោមរាជធានី-ខេត្តទាំង២៥ ដែលបានបញ្ចប់ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៦-២០៣០ មុនគេ។
លោករដ្ឋមន្ត្រី បានសម្តែងការដឹងគុណចំពោះលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានផ្តួចផ្តើម និងដឹកនាំតម្រង់ទិសក្នុងការរៀបចំផែនការនេះ ព្រមទាំងកោតសរសើររដ្ឋបាលខេត្ត ក្រសួងទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការគ្នារៀបចំផែនការនេះឡើង។
លោក ហួត ហាក់ ក៏បានកោតសរសើរចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អសោភ័ណភាពក្នុងខេត្ត រួមមាន ផ្លូវថ្នល់ ស្ពាន សួនច្បារសាធារណៈ ផ្លូវថ្មើរជើង ប្រព័ន្ធអគ្គិសនី និងទឹកស្អាត ដែលបានរួមចំណែកសម្រួលជីវភាពប្រជាពលរដ្ឋ ពង្រឹងការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងបរិបទដែលការប្រកួតប្រជែងវិស័យទេសចរណ៍ក្នុងតំបន់កាន់តែខ្លាំង និងតម្រូវការរបស់ភ្ញៀវទេសចរកាន់តែមានការផ្លាស់ប្តូរ ខេត្តកំពង់ធំត្រូវបន្តបង្កើតផលិតផល និងបទពិសោធទេសចរណ៍ថ្មីៗ លើកកម្ពស់គុណភាពសេវាកម្ម ព្រមទាំងពង្រឹងសន្តិសុខ និងសុវត្ថិភាព ដើម្បីបង្កើនភាពទាក់ទាញ និងឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរជំនាន់ថ្មី។
ជាមួយគ្នានេះ លោក ហួត ហាក់ បានដាក់ចេញអនុសាសន៍សំខាន់ៗចំនួន៤ រួមមាន៖
*ទី១៖ បន្តច្នៃប្រឌិត និងបង្កើតទីតាំងដែលជាអត្តសញ្ញាណរបស់ខេត្តកំពង់ធំ ព្រមទាំងពិនិត្យលទ្ធភាពបំផុសសក្តានុពលទីតាំង ឬលំហសាធារណៈដែលមិនទាន់ប្រើប្រាស់ពេញលេញ ដើម្បីបម្លែងទៅជាផលិតផល និងបទពិសោធទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញ។
*ទី២៖ រៀបចំឱ្យមាននិទានកថា (Storytelling) នៅតាមទីតាំងសក្តានុពលទេសចរណ៍ ដោយមិនត្រឹមតែ «លក់ទីកន្លែង» ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ «លក់រឿងរ៉ាវ លក់បទពិសោធ និងលក់អារម្មណ៍» តាមរយៈការផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រ វប្បធម៌ ស្ថាបត្យកម្ម ជីវភាពរស់នៅ អាហារ និងលក្ខណៈពិសេសរបស់ទីតាំង។
*ទី៣៖ បង្កើត Branding របស់ខេត្តកំពង់ធំ ដោយផ្តោតលើការកសាងម៉ាកគោលដៅទេសចរណ៍ខេត្តឱ្យមានអត្តសញ្ញាណពិសេស និងអាចដក់ជាប់ក្នុងការចងចាំរបស់ភ្ញៀវទេសចរ។
*ទី៤៖ ពិនិត្យលទ្ធភាពបង្កើនសកម្មភាពទេសចរណ៍នាពេលរាត្រី ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ និងបង្កើនការចំណាយនៅក្នុងមូលដ្ឋាន។
លោក ហួត ហាក់ បានគូសបញ្ជាក់ថា តាមរយៈការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៦-២០៣០ ខេត្តកំពង់ធំមានសក្តានុពលប្រែក្លាយពី «ខេត្តឆ្លងកាត់» ទៅជា «គោលដៅទេសចរណ៍ដែលត្រូវតែឈប់ ត្រូវតែចូល និងត្រូវតែស្នាក់នៅ» ដោយផ្អែកលើការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ការលើកកម្ពស់គុណភាពសេវាកម្ម និងការបង្កើតបទពិសោធថ្មីៗសម្រាប់ភ្ញៀវទេសចរ៕









