សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទម្លាយថា អំឡុងពេលមានសង្គ្រាមព្រំដែន សម្តេចបានអញ្ជើញទៅជួបកងទ័ពដល់សមរភូមិមុខ (Video inside)
07-10-2026 12:02
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយឲ្យដឹងថា នៅក្នុងអំឡុងពេលមានសង្គ្រាមព្រំដែន សម្តេចបានទៅជួបកងទ័ពដល់សមរភូមិមុខ ដោយមិនបានផ្សព្វផ្សាយជាសាធារណៈឡើយ។ នេះបើតាមការទម្លាយរបស់សម្ដេចនៅក្នុងឱកាស ដែលសម្ដេច និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦។
ការបញ្ជាក់របស់សម្ដេចបែបនេះ បន្ទាប់ពីមានការចោទសួរថា ពីបុគ្គលមួយចំនួនតូចថាក្នុងអំឡុងពេលមានសង្រ្គាមនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយថៃ សម្ដេចក្នុងនាមជានាយករដ្ឋមន្រ្តីបានធ្វើអ្វីខ្លះ? ហើយបើតាមការណ៍បញ្ជាក់របស់សម្ដេច សម្ដេចមិនត្រឹមតែបានចុះទៅសមរភូមិជួរមុខដោយផ្ទាល់ក្នុងអំឡុងសង្រ្គាមព្រំដែនឆ្នាំ២០២៥ជាមួយថៃនេះឡើយ។ ប៉ុន្តែកាលពីឆ្នាំ២០០៨ ក្នុងឋានៈជាមេបញ្ជាការកងទ័ព សម្ដេចក៏ធ្លាប់បានចុះទៅដល់សមរភូមិមុខដោយផ្ទាល់ផងដែរ។
ជាមួយគ្នានេះសម្ដេចក៏បានសង្កត់ធ្ងន់ផងដែរថា បើសិនជាសម្ដេច មិនអាចក្ដាប់បានសភាពការណ៍រឹងមាំនោះទេ នោះផ្ទះជនភៀសសឹកចំនួន៥០០០ខ្នង ក៏មិនអាចលេចចេញជារូបរាងទាន់សភាពការណ៍ដើម្បីត្រៀមទទួលជនភៀសសឹកនោះដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «មានបងប្អូនខ្លះសួរថា ហ៊ុន ម៉ាណែត ធ្វើអីខ្លះ? ហ៊ុន ម៉ាណែត មិនដែលឃើញទៅអើតនៅព្រំដែន។ អត់ទេ! ខ្ញុំទៅជួបជាមួយជនភៀសសឹក កន្លែងខ្លះខ្ញុំទៅអើតទាហាននៅហ្នឹង គ្រាន់តែខ្ញុំអត់បង្ហាញរូប។ មិនមែនមេដឹកនាំគេ ពាក់អាវក្រោះថតតឺនុយទេ។ ខ្ញុំទៅ ទៅដល់មុខព្រោះកុំឲ្យពិបាកទាហាននៅខាងមុខគេការពារ។ យើងធ្លាប់ធ្វើទ័ពដែរ ទៅអត់បញ្ជាក់ល្អជាង។ កាល២០០៨ ខ្ញុំទៅដល់ភ្នំទ្រព្យកាលជិតវាយគ្នា ពូ...ថាមិចក៏មកដល់ហ្នឹងខ្ញុំថាអត់ទេ ត្រូវតែទៅ អត់មានឲ្យនរណាដឹងទេ ដូចតែគេដូចតែឯងតើ។ ភាគីម្ខាងអាចមើលមកថានរណាមុខដូច ហ៊ុន ម៉ាណែត? ប៉ុន្តែអត់មានប្រកាសទៅទេ។ យើងទៅមើល ហើយក៏គ្មានទៅបង្ករការលំបាកឱ្យដែរ ប៉ុន្តែស្ថានភាពទោះបីខ្ញុំមិនទៅ ស្ថានភាពយើងតាមជាប់ជាប្រចាំ។ ផ្ទះ ៥០០០ខ្នង ដែលធ្វើមិនមែនជារឿងចៃដន្យទេ មិនមែនកើតដោយខ្លួនឯងទេ បើខ្ញុំក្ដាប់មិនដាក់ចេញនូវគោលការណ៍ ដើម្បីទៅជួយប្រជាពលរដ្ឋ»។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល សម្ដេចបានបញ្ជាក់ទៅអ្នកនយោបាយមួយចំនួន ដែលបានយកបញ្ហាជនភៀសសឹកទៅញុះញង់ ក្នុងបំណងធ្វើឱ្យជនភៀសសឹកស្អប់រាជរដ្ឋាភិបាល ប្រហែលមិនអាចបានសមបំណងនោះឡើយ ព្រោះជនភៀសសឹកយល់ច្បាស់ពីការប្រឹងប្រែងជួយរបស់រាជរដ្ឋាភិបាល និងបានជួបជាមួយសម្ដេច ក៏ដូចជាតំណាងរដ្ឋាភិបាល ដែលបានទៅដល់ចូលរួមជួយដោះស្រាយយ៉ាងពិតប្រាកដនោះឡើយ៕

































































