FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឃាត់ខ្លួនជនសង្ស័យម្នាក់

07-10-2026 07:27

(កំពង់ស្ពឺ)៖ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ប្រចាំការនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ (ដឹកជញ្ជូនឈើអារ) ដោយគ្មានការអនុញ្ញាត។

ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការនោះ ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចិន សុខ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាងល្មើសមួយចំនួន រួមមាន រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ចំនួន ១គ្រឿង, ឈើអារប្រភេទម្រេញចំនួន ៣៦សន្លឹក និងទូរស័ព្ទដៃចំនួន ១គ្រឿង។

បច្ចុប្បន្ន វត្ថុតាងល្មើសទាំងអស់ ត្រូវបានរក្សាទុកនៅស្នាក់ការឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។

ការបង្ក្រាបនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរ ក្នុងការទប់ស្កាត់ និងលុបបំបាត់បទល្មើសធនធានធម្មជាតិ ដើម្បីការពារព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់៕