អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ខៀវ ស៊ីណា និងមន្រ្តីរាជការធនាគារជាតិ បានចូលរួមកាន់បិណ្ឌទី១០ ឧទ្ទិសកុសលជូនសាច់សារលោហិត និងវីរយុទ្ធជនពលី
06-10-2026 21:57
(ភ្នំពេញ)៖ លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ខៀវ ស៊ីណា ថ្នាក់ដឹកនាំ និងមន្រ្តីធនាគារជាតិនៃកម្ពុជា បានទទួលកាន់ បិណ្ឌវេនទី១០ ត្រូវនិងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដើម្បីចាត់ចែងចង្ហាន់ ប្រគេនព្រះសង្ឃគង់នៅវត្តឧណ្ណាលោម ដើម្បីទំនុកបម្រុង ចាត់ចែងចង្ហាន់ និងបច្ច័យច៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងឧទ្ទិសកុសលជូនបុព្វការីជន សាច់ សារលោហិត និងដួងវិញ្ញាណក្ខ័នវីរយុទ្ធជនកម្ពុជា ដែលពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើង តាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងទំនុកបម្រុង និងចាត់ចែងចង្ហាន់ និងបច្ច័យ៤ប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សា និងឧទ្ទិសមហាកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធ លោក ជា ចាន់តូ អតីតទេសាភិបាល កិត្តិយស ធនាគារជាតិនៃកម្ពុជា និងបុព្វការីជនទាំងឡាយ មានមាតាបិតាជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីជាតិ មាតុភូមិ ក៏ដូចជាចូលរួមចំណែករឹតចំណងសាមគ្គីភាព និងលើកតម្កើងព្រះពុទ្ធសាសនាឱ្យបានរុងរឿងអស់កាលជាអង្វែងតទៅ។
ក្រៅពីការឧទ្ទិសកុសលជូនបុព្វការីជន សាច់សារលោហិត អ្វីដែលថ្នាក់នាំ មន្រ្តីរាជការ-បុគ្គលិក និងប្រជាពលរដ្ឋមិនអាច បំភ្លេចបាន គឺគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់វីរយុទ្ធជនកម្ពុជាយើង។ តាមរយៈនៃបុណ្យកុសលដែលបាន ធ្វើឡើងបិណ្ឌ ទី១០នេះ លោកស្រីក៏បានឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិគ្រប់ សម័យកាល ជាពិសេសវីរយុទ្ធជនដែលពលីជីវិតលើកិច្ចការការពាទឹកដី នៃការប៉ះទង្គិចពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗកន្លង មក សូមឲ្យមនុញ្ញផលជូន ដល់វិញ្ញាណក្ខន្ធអស់លោកទាំងនោះ បានសោយសុខនាឋានបុរមសុខកុំបីឃ្លៀងឃ្លាត។
លោកស្រីក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ ព្រមទាំងបារមីដូនតាខ្មែរ និងអតីតមេទ័ពខ្មែរគ្រប់ជំនាន់ ជួយតាមថែរក្សា ការពារវីរកងទ័ព និងវីរនគបាលជាតិ ដែលកំពុងលះបង់កម្លាំងកាយចិត្ត និងអាយុជីវិត ឈរជើងការពារបូរណភាព ទឹកដី និងសន្តិសុខនៅតាមបន្ទាត់ព្រំដែន ឱ្យទទួលបានជ័យជម្នះ និងសុខសុវត្ថិភាពក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ។
សូមបញ្ជាក់ថា នៅក្នុងថ្ងៃកាន់បិណ្ឌទី១០នេះ លោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីធនាគារជាតិនៃកម្ពុជា បច្ច័យដែលប្រមូល បានពីពុទ្ធបរិស័ទទាំងអស់ប្រមាណ៨០លានរៀល បានវេប្រគេនដល់ព្រះសង្ឃ សម្រាប់កសាងសមិទ្ធផលនានានៅក្នុងឧណ្ណាលោម ដើម្បីចូលរួមដល់ការរីកចម្រើននៅក្នុងវិស័យពុទ្ធចក្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ២៤០ អង្គ ដោយក្នុងមួយអង្គៗទទួលបានបច្ច័យ ៥ ម៉ឺនរៀលផងដែរ៕











