FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហភាពសហព័ន្ធយុវជនកម្ពុជា បើកការប្រកួតផ្តាច់ព្រ័ត្រគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អ

06-10-2026 21:15

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ដាំ ដារិនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកម្មវិធីមនសិការពលរដ្ឋល្អ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតផ្តាច់ព្រ័ត្រគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អ ដល់យុវជនតាមគ្រឹះស្ថានសិក្សាឆ្នាំ២០២៦ នៅអគារ The Kampus នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញពីសំណាក់ លោកស្រី ស្រួយ សុជាតិ ប្រធានក្រុមប្រតិបត្តិកម្មវិធីមនសិការពលរដ្ឋល្អ លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីរាជធានី-ខេត្តទាំង១២ផងដែរ។

ជាកិច្ចចាប់ផ្តើមលោក សេរី ជំនះ ប្រធានក្រុមការងារបណ្តុះបណ្តាល នៃកម្មវិធីមនសិការពលរដ្ឋល្អ បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រីបណ្ឌិត ដាំ ដារិនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកម្មវិធីមនសិការពលរដ្ឋល្អ ព្រមទាំងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានាដែលសម្រេចបាននាពេលកន្លងមក។

លោកបានបន្ថែមផងដែរថាកម្មវិធី «មនសិការពលរដ្ឋល្អ» បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០២៤ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងចូលរួមបណ្តុះបណ្តាលសមត្ថភាព ឆន្ទៈ និងស្មារតីដល់យុវជនកម្ពុជាឱ្យក្លាយជាពលរដ្ឋល្អប្រកបដោយមនសិការស្នេហាជាតិ និងរួមចំណែកអភិវឌ្ឍសង្គមជាតិ។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបស្តីពីសមិទ្ធផលនាពេលកន្លងមក លោកស្រីបណ្ឌិត ដាំ ដារីនី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមការងារថ្នាក់ជាតិ រាជធានី-ខេត្តទាំង១២ លោកគ្រូ-អ្នកគ្រូជាគ្រូបង្គោល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ រហូតចូលដល់ការប្រកួតផ្តាច់ព្រ័ត្រថ្នាក់ជាតិនាពេលនេះ។

លោកស្រីបណ្ឌិត បានគូសបញ្ជាក់ថា តាមរយៈគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» ប្អូនៗសិស្សានុសិស្សមិនត្រឹមតែទទួលបានចំណេះដឹងបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអភិវឌ្ឍន៍សមត្ថភាព ក្នុងការធ្វើការជាក្រុម ការរៀបចំផែនការ ការដោះស្រាយបញ្ហា និងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងសាលារៀន និងសហគមន៍ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ លោកស្រីក៏បានលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សឱ្យបន្តយកបទពិសោធន៍ និងមេរៀនទាំងនេះទៅអនុវត្តក្នុងជីវិតរស់នៅប្រចាំថ្ងៃ ព្រមទាំងរក្សាស្មារតីស្នេហាជាតិ និងការចូលរួមអភិវឌ្ឍន៍សង្គមជាតិឱ្យខានតែបាន៕