អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវប្រគល់ជូនកងកម្លាំងជួរមុខ និងអង្គភាពស៊ីម៉ាក់ នៅខេត្តឧត្តរមានជ័យ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
06-10-2026 20:58
(ឧត្តរមានជ័យ)៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនកងកម្លាំងប្រដាប់អាវុធទាំង៣ និងក្រុមការងារអង្គភាពស៊ីម៉ាក់ ដែលកំពុងបំពេញភារកិច្ចនៅតំបន់ព្រំដែនខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមានលោក មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ។
អំណោយនេះត្រូវបានផ្តល់ជូនកងកម្លាំងទាំង៣ រួមមាន៖ កងយោធាប្រចាំទិសទី២ និងទិសទី៣ កងនគរបាលការពារព្រំដែន និងកងរាជអាវុធហត្ថខេត្ត ព្រមទាំងអង្គភាពស៊ីម៉ាក់ ដែលកំពុងបំពេញភារកិច្ចបោសសម្អាត និងកម្ទេចគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ ការផ្តល់អំណោយនេះ ធ្វើឡើងក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំងជួរមុខ។
ក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ការយកចិត្តទុកដាក់ និងការគាំទ្ររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះកងកម្លាំង និងក្រុមការងារស៊ីម៉ាក់ ដែលបានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសុខសន្តិភាពជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។
អំណោយនេះ មិនត្រឹមតែជាការឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រដល់កងកម្លាំងជួរមុខ និងក្រុមការងារស៊ីម៉ាក់ ដែលកំពុងបំពេញភារកិច្ចប្រកបដោយការលះបង់ និងមិនខ្លាចនឿយហត់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសុខសន្តិភាពជូនប្រជាពលរដ្ឋ។ អំណោយ និងការសួរសុខទុក្ខដ៏ថ្លៃថ្លានេះ បានក្លាយជាកម្លាំងចិត្តមួយផ្នែកដ៏សំខាន់ដល់កងកម្លាំង និងក្រុមការងារស៊ីម៉ាក់ ឱ្យបន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកថែរក្សាសន្តិសុខ ស្ថិរភាព និងសុវត្ថិភាព នៅតំបន់ព្រំដែនខេត្តឧត្តរមានជ័យ ប្រកបដោយប្រសិទ្ធភាព៕





















