FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័តការងារសំខាន់ៗរបស់រដ្ឋបាលខេត្ត

06-10-2026 17:42

(ស្ទឹងត្រែង)៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ខ្លួន ក្រោមអធិបតីភាពលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ម៉ែន គុង អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធជាច្រើនរូប។

របៀបវារៈសំខាន់ៗដែលបានលើកយកមកពិនិត្យ ពិភាក្សា និងអនុម័តក្នុងកិច្ចប្រជុំរួមមាន៖ ការពិនិត្យ និងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំ សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងទិសដៅការងារសម្រាប់អនុវត្តខែបន្ទាប់របស់រដ្ឋបាលខេត្ត។ លើសពីនេះ កិច្ចប្រជុំក៏បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំពាក់កណ្តាលអាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត និងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់បុគ្គលិកមន្រ្តីប្រចាំខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តផងដែរ។

ក្នុងឱកាសនោះ លោក ម៉ែន គុង អភិបាលរងខេត្ត បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តលើការអនុវត្តការងារតាមផែនការ និងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាខេត្ត។ លោកបានជំរុញឱ្យមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បន្តអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងប្រសិទ្ធភាព ព្រមទាំងពង្រឹងកិច្ចសហការ ដោះស្រាយបញ្ហាប្រឈម និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។

ចំណែកលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត គឺជាយន្តការដ៏សំខាន់សម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ក៏ដូចជាកំណត់ទិសដៅសម្រាប់ការងារបន្ត។

លោកបានជំរុញឱ្យគ្រប់មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ បន្តយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អ ពិសេសការបម្រើប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ ការអនុវត្តផែនការអភិវឌ្ឍន៍ និងការដោះស្រាយសំណូមពរ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

លោកក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការសហការរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ដើម្បីធានាឱ្យការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងរួមចំណែកដល់ការអភិវឌ្ឍខេត្តស្ទឹងត្រែងឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់៕