អាជ្ញាធរបន្តចុះត្រួតពិនិត្យរដ្ឋបាលនៅក្រុងប៉ោយប៉ែត លើ៥ទីតាំង រកឃើញមានជនបរទេសស្នាក់នៅចំនួន៩នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams នោះទេ
06-10-2026 17:40
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរក្រុងប៉ោយប៉ែតដឹកានាំដោយលោក លៀម សុដា អភិបាលរងខេត្ត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងមានការចូលរួម សហការពីសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត បានចុះអនុវត្តការងាររដ្ឋបាលនៅក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត លើ៥ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន៩នាក់ តែមិនជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scams នោះទេ។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាដោយផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
របាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ក្រុមការងារបានចុះអនុវត្តការងាររដ្ឋបាលនៅតាមបណ្តាសង្កាត់ ស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចំនួន ៥ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៩នាក់ ស្រី ៣នាក់ ( ជនជាតិថៃ ៥នាក់ ស្រី១នាក់, ជនជាតិចិន ៤នាក់ ស្រី២នាក់)។
ទីតាំងដែលបានចុះការងាររដ្ឋបាលមានដូចតទៅ៖
*ទី១៖ សង្កាត់ប៉ោយប៉ែត ដឹកនាំដោយលោក បោន សិលា អភិបាលរងក្រុង អនុវត្តបានចំនួន ៣ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៩នាក់ ស្រី ៣នាក់ ជនជាតិចិន ៤នាក់ ស្រី២នាក់ មានឯកសារត្រឹមត្រូវ ទាំងអស់ ជនជាតិថៃ ៥នាក់ ស្រី ១នាក់ (៤នាក់មិនមានលិខិតឆ្លងដែន ទិដ្ឋាការ និងប័ណ្ឌការងារ បានប្រគល់ពួកគាត់ទៅអធិការដ្ឋាននគរបាលក្រុងបន្ដនីតិវិធី) ពុំមានពាក់ព័ន្ធបទល្មើសស្កេមអនឡាញទេ។
*ទី២៖ សង្កាត់ផ្សារកណ្ដាល ដឹកនាំដោយលោក មាស សំណាង អភិបាលរងក្រុង អនុវត្តបានចំនួន ២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ០នាក់ ស្រី ០នាក់ ពុំមានពាក់ព័ន្ធបទល្មើសស្កេមអនឡាញទេ៕





