ទឹកចិត្តខ្មែរជួយខ្មែរ! សាខាសមាគមនារីខេត្តពោធិ៍សាត់ ចែកអំណោយមនុស្សធម៌ ជូនជនចាស់ជរាគ្មានទីពឹង និងជនពិការ២៤នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
06-10-2026 16:59
(ពោធិ៍សាត់)៖ ក្នុងឱកាសអបអរសាទរ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦នេះ លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខា ព្រមទាំងលោកស្រីប្រធាន អនុប្រធាន និងសមាជិកាកិត្តិយស នៃគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ជនចាស់ជរាគ្មានទីពឹង និងជនពិការ សរុបចំនួន២៤នាក់ ដែលមកពីសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់។ ពិធីដ៏មានអត្ថន័យនេះ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុនសែន។
នៅក្នុងឱកាសនោះ ក្នុងគ្រួសារនីមួយៗទទួលបានអំណោយឧបត្ថម្ភរួមមាន៖ អង្ករ២០គីឡូក្រាម, មី១កេស, មុង១, ភួយ១, ខ្នើយ១, កន្ទេល១, សារ៉ុង១, ខ្ទះឆា១, ចានដែន១, សាប៊ូបោកខោអាវ១កញ្ចប់, ប៊ីចេង១កញ្ចប់, ទឹកដោះគោ២កំប៉ុង, ទឹកក្រូច៤កំប៉ុង និងថវិកាចំនួន៥ម៉ឺនរៀល។
ថ្លែងក្នុងពិធីសំណេះសំណាលនោះ លោកស្រី អាំង សុជាតា ខូយរីដា បានគូសបញ្ជាក់ថា ការរៀបចំកម្មវិធីនេះឡើង គឺដើម្បីស្វែងយល់ពីស្ថានភាពជីវភាពរស់នៅជាក់ស្តែងរបស់លោកតាលោកយាយ ព្រមទាំងផ្តល់ជាអំណោយកំដរដៃសម្រាប់យកទៅទទួលទាន និងចូលរួមបុណ្យទាននៅវត្តអារាម នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ព្រមទាំងជួយសម្រាលការលំបាក និងដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា។
លោកស្រីប្រធានកិត្តិយស បានលើកឡើងផងដែរថា អំណោយមនុស្សធម៌ទាំងនេះ គឺជាទឹកចិត្តសប្បុរសធម៌ ប្រមូលផ្តុំពីព្រះសង្ឃ ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាកិត្តិយស គណៈកម្មាធិការសាខាសមាគមនារីគ្រប់បណ្តាមន្ទីរ-អង្គភាព ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលមានទំនុកចិត្តមកលើការដឹកនាំរបស់សមាគម។
លោកស្រី អាំង សុជាតា ខូយរីដា បានផ្តាំផ្ញើដល់លោកតា លោកយាយ ឱ្យយកចិត្តទុកដាក់ថែរក្សាវាសនាសុខភាព លាងសម្អាតដៃ និងបរិភោគអាហារស្អាត។ លោកស្រីក៏បានសំណូមពរឱ្យចូលរួមផ្សព្វផ្សាយដល់កូនចៅ និងសាច់ញាតិឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ដើម្បីការពារកិត្តិយសសេចក្តីថ្លៃថ្នូរក្នុងគ្រួសារ និងសង្គមជាតិ។
ជាមួយគ្នានោះ លោកស្រីបានអំពាវនាវដល់លោកយាយ លោកតាទាំងអស់ សូមបន្តគាំទ្រ និងផ្ដល់ទំនុកចិត្តដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងរួមគ្នាយកឈ្នះ សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ក្នុងឆ្នាំ២០២៧ខាងមុខ ដើម្បីធានាបាននូវការអភិវឌ្ឍសង្គមជាតិ ការរក្សាបាននូវសុខសន្តិភាព និងភាពរុងរឿងជាបន្តបន្ទាប់ទៀត៕





































