FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ រួមជាមួយសមាគមនារីខេត្ត និងប្រជាពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ វេណទី១០ និងរាប់បាត្រ ប្រគេនព្រះសង្ឃ នៅវត្តកែវមុន្នីឧត្តម

06-10-2026 16:45

(ពោធិ៍សាត់)៖ ក្នុងបរិយាកាសដ៏អធិកអធម ពោរពេញដោយក្តីមោទនភាព និងប្រកបដោយសទ្ធាជ្រះថ្លា ក្នុងរដូវកាលបុណ្យទានប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ រួមសហការជាមួយសមាគមនារីខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌ វេណទី១០ នៅវត្តកែវមុន្នីឧត្តម ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងបន្តថែរក្សាទំនៀមទម្លាប់ព្រះពុទ្ធសាសនាដ៏ផូរផង់។

ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមវត្តមានរបស់ លោក ម៉ក រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងសមាជិកាទាំងអស់ បានរៀបចំចង្ហាន់ ភេសជ្ជៈ និងទេយ្យទានវត្ថុផ្សេងៗ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងទីអារាមនោះ ព្រមទាំងបានអញ្ជើញ រាប់បាត្រប្រគេនព្រះសង្ឃ និងចែកអំណោយជាសារុង ជូនដល់លោកយាយ លោកតា និងប្រជាពុទ្ធបរិស័ទ្ធ ដែលបានអញ្ជើញមកកាន់វត្តអារាម ដើម្បីបង្កើតនូវមហាកុសលផលបុណ្យ និងបង្ហាញពីទឹកចិត្តសប្បុរសធម៌ ដ៏ល្អប្រពៃក្នុងសង្គមជាតិយើង។

បន្ទាប់ពីកិច្ចពិធីសាសនាទាំងនោះមក ថ្នាក់ដឹកនាំក៏បានអុជធូបទៀន ថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល និងសម្តែងនូវហរិយទ័យគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងឧទ្ទិសទានផលបុណ្យដែលបានកសាងនាឱកាសនេះ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ញាតិកាទាំងប្រាំពីរសណ្តាន និងវីរជនយុទ្ធជនខ្មែរ ដែលបានលះបង់ជីវិត ដើម្បីជាតិមាតុភូមិ។ ជាមួយគ្នានេះ ក៏មានការបន់ស្រន់បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងសូមឱ្យខេត្តពោធិ៍សាត់ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ តរៀងទៅ។

គូសរំលឹកផងដែរថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំបំផុតរបស់កម្ពុជា ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងរយៈពេល១៥ថ្ងៃ។ ពិធីនេះមិនត្រឹមតែជារយៈកាលនៃការធ្វើទានឧទ្ទិសកុសលដល់ជន ដែលបានចែកឋានទៅខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងនូវវប្បធម៌ដ៏ផូរផង់ ការបង្ហាញពីសហគមន៍សាមគ្គីភាពដ៏រឹងមាំ និងការថែរក្សាឫសគល់ នៃប្រពៃណីព្រះពុទ្ធសាសនាដ៏យូរលង់ របស់បុព្វបុរសខ្មែរយើង ឱ្យគង់វង្សស្ថិតស្ថេរគត់មត់ ដល់កូនចៅជំនាន់ក្រោយៗទៀត៕