ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា ដឹកនាំសមាជិក ចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនពលរដ្ឋភៀសសឹក២៥០គ្រួសារ នៅភូមិតាកឹងបៃតង ស្រុកគូលែន ខេត្តព្រះវិហារ
06-10-2026 16:41
(ព្រះវិហារ)៖ លោក យស ផានីត្តា សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំសមាជិកគណៈកម្មការទី២ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ លោក ឈឿន មុនី សមាជិកក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខសំណេះសំណាល និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន២៥០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ លោក យស ផានីត្តា បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ផងដែរ។
លោក យស ផានីត្តា បានថ្លែងទៀតថា ការចុះមកជួបដោយផ្ទាល់របស់គណៈកម្មការទី២ព្រឹទ្ធសភានាពេលនេះ គឺដើម្បីស្វែងយល់ពីស្ថានភាពរស់នៅ ជីវភាព ជាក់ស្តែងរបស់បងប្អូនភៀសសឹកយើង ក៏ដូចជាដើម្បីផ្តល់កម្លាំងចិត្ត និងចែករំលែកការលំបាកជាមួយប្រជាពលរដ្ឋក្នុងគ្រាដែលកំពុងត្រូវការការយកចិត្តទុកដាក់ និងជំនួយផ្សេងៗ។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ លោក យស ផានីត្តា បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដាច់ខាតយើងនឹងធ្វើការតតាំងទៅតាមផ្លូវច្បាប់ ដោយយើងមិនធ្វើការតតាំងតាមផ្លូវសង្គ្រាមទេ ហើយថ្ងៃក្រោយខ្មែរយើងនឹងឈ្នះ យកបានដីត្រឡប់មកវិញ ប៉ុន្តែកិច្ចការនេះត្រូវប្រើរយះពេលយូរ ចឹងហើយបានសម្តេចទាំងទ្វេរយកចិត្តទុកដាក់បង្កើតឱ្យមានភូមិតាកឹងបៃតងនេះឡើង ដោយអភិវឌ្ឍន៍កន្លែងនេះឱ្យមានសដ្ឋកិច្ច និងពលរដ្ឋរស់នៅជាមួយបរិស្ថានស្អាតល្អ។
លោក យស ផានីត្តា ក៏បាននាំយកដើមផ្កាក្រដាសចំនួន១០០០ដើម មកចែកជូនសម្រាប់ដាំលម្អនៅតាមលំនៅដ្ឋានរបស់ប្រជាជនភៀសសឹក និងបានចូលរួមដាំដើម្បីរួមចំណែកធ្វើឱ្យភូមិតាកឹងបៃតងនេះ ក្លាយជាភូមិផ្កាបៃតងយ៉ាងស្រស់ស្អាតទៅថ្ងៃអនាគត ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរ ក៏ដូចភ្ញៀវទេសចរ នឹងចូលមកលេងនៅតំបន់នេះ បង្កើតឱ្យមានទំនាក់ទំនងគ្នាល្អរវាងប្រជាពលរដ្ឋពីតំបន់ផ្សេងមកកន្លែងនេះ មិនត្រឹមតែធ្វើឱ្យភូមិនេះក្លាយជាភូមិបៃតងប៉ុណ្ណោះទេ តែជាកន្លែងទេសចរណ៍ដ៍មានសក្តានុពលទៅថ្ងៃអនាគតផងដែរ។
នៅក្នុងឱកាសនេះដែរលោកស្រី អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការទី២នៃព្រឹទ្ធសភា ជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក៏បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ទិសទី ដោយមិនប្រកាន់ជាតិសាសន៍ ពណ៍សំបុរ ឫនិន្នាការនយោបាយឡើយ ពិសេសប្រជាពលរដ្ឋដែលជួបទុក្ខលំបាក រងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗ ក្មេងកំព្រា ស្ត្រីមេម៉ាយ ចាស់ជរាគ្មានទីពឹងជាដើម ពោលទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
លោកស្រី អ៊ុក ម៉ាលី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋនៅទីនេះ ត្រូវរស់នៅប្រកាន់ភ្ជាប់នូវអនាម័យល្អ ពោលគឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ពិសេសត្រូវឧស្សាហ៍លាងសម្អាតដៃឱ្យបានស្អាតល្អ មុននឹងចាប់កាន់នំចំណឺឫរបស់ផ្សេងៗយកមកបរិភោគ ដើម្បីការពារពីកុំឱ្យកើតជម្ងឺផ្សេង។
ដោយឡែកលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ ក៏បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក គីម រិទ្ធី អភិបាលខេត្ត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់បណ្តោះអាសន្នភូមិតាកឹងបៃតងនេះ។
លោកអភិបាលរងខេត្តបានថ្លែងបន្តថា៖ ប្រជាពលរដ្ឋភៀសសឹកនៅទីនេះត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ និងមានគម្រោងអភិវឌ្ឍន៍តំបន់នេះឱ្យក្លាយជាកន្លែងកសិកម្មមួយ ជាមួយការចិញ្ចឹមមាន់ ទា គោ ត្រី ដើម្បីយកពង យកសាច់ តាមរយះគម្រោងនៃបណ្តាញសមាគមកសិករតេជោ ដែលមានលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធានាគារអភិវឌ្ឍន៍ជនបទជាប្រធាន។
លោក អ៊ុក គឹមសាន ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋភូមិតាកឹងបៃតង ពីគម្រោងបណ្តាញសមាគមកសិករតេជោ ថាជាគំនិតផ្តួចផ្តើមដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាជំហររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងន័យរួមគឺមិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយ ហើយពលរដ្ឋភៀសសឹកទាំងអស់នឹងបានចូលរួមបម្រើការងារជាមួយគម្រោង បណ្តាញសមាគមកសិករតេជោ ហើយនៅថ្ងៃអនាគត់គម្រោងនេះនឹងផ្ទេរមកប្រជាពលរដ្ឋវិញដើម្បីប្រកបមុខរបរដោយខ្លួនឯង។
លោក អ៊ុក គឹមសាន ក៏បានថ្លែងអំណរគុណចំពោះគណៈកម្មការទី២ នៃព្រឹទ្ធសភា ដែលបានចុះមកសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីសុវត្ថិភាពនាពេលនេះ។ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តរក្សាសាមគ្គីភាព ស្តាប់ការណែនាំរបស់អាជ្ញាធរ និងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងទីតាំងស្នាក់នៅ ដើម្បីឱ្យការរស់នៅរបស់គ្រប់ក្រុមគ្រួសារប្រព្រឹត្តទៅដោយភាពសុខសាន្ត៕






















