FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង អញ្ជើញកាន់បិណ្ឌទី១០ នៅវត្តបទុមវតី ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជន និងវីរៈកងទ័ពខ្មែរ (Video inside)

06-10-2026 16:24

(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា ទ្រី ភាព បេសកជនពិសេស ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា​កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងអ្នក​ឧក​ញ៉ា គៀន ស្រីនាង ជាឧត្តមភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ និង​បុគ្គលិកក្រុមហ៊ុន​ទាំង​អស់ បានមូលមតិប្រកបដោយក្តីជ្រះថ្លា អញ្ជើញកាន់​បិណ្ឌ​ទី១០ នៅ​វត្តបទុមវតី​រាជ​វរា​រាម ក្នុងសង្កាត់ចតុមុខ រាជធានីភ្នំពេញ​។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំមួយក្នុង​ប្រទេស​កម្ពុជា តែងប្រារព្ធធ្វើ​ឡើង​ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ពិធីបុណ្យ​កាន់​បិណ្ឌ និងភ្ជុំបិណ្ឌប្រារព្ធធ្វើឡើង ដើម្បី​ទ្រ​ទ្រង់​​ព្រះ​សង្ឃ​គង់ចាំព្រះវស្សាតាម​ទីអា​រាម​ក្នុង​រដូវ​វស្សា ដែលជួបការលំបាកក្នុងការនិមន្តបិណ្ឌបាត្រ។ មួយវិញទៀត ការ​ប្រា​រព្ធ​ពិធី​បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាការបង្ហាញកតញ្ញូគុណចំពោះអ្នកមានឧបការ​គុណ​រួម​មាន​ឪពុកម្តាយ ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ គ្រូបាចារ្យជាដើម។ បន្ថែមពីលើ​នោះ ពិធី​បុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ជាពេលវេលាដែលកូនចៅជួបជុំធ្វើបុណ្យនៅ​តាម​ទីអា​រាម ដើម្បីឧទ្ទិសកុសលផលបុណ្យដល់​ជីដូន​ជីតា និងបុព្វការីជន ដែលបាន​ធ្វើ​មរណ​កាល​។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រី​នាង ព្រមទាំងបុគ្គលិកក្រុមហ៊ុនទាំងអស់ បានរៀបចំ​ធ្វើ​ឡើងជាលំដាប់លំ​ដោយតាម​​លំអានប្រពៃណី​របស់​ខ្មែរ។ នៅរសៀលថ្ងៃចន្ទ ៩​រោច ខែភទ្របទ ឆ្នាំ​មមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃ​ទី៥ ខែតុលា ឆ្នាំ​២០២៦ លោកអ្នកឧក​ញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងបុគ្គលិក​ទាំង​អស់ បានជួបជុំគ្នា​សូត្រមន្ត។ ក្នុងពិធីសូត្រមន្តនា​ពេល​​រសៀលនោះ ក៏ទទួលបានកិត្តិយសពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាមួយដែរ។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកអ្នក​ឧកញ៉ា ទ្រី ភាព និង​អ្នក​ឧកញ៉ា គៀន ស្រីនាង បានបូជា​ទៀន​ធូប និងផ្កាផ្ញីថ្វាយដល់​ព្រះ​រតនត្រ័យ។ បន្ទាប់​មកលោកតាអាចារ្យ​បាន​ដឹកនាំ​នមស្សការសមាទានសីល និង​និមន្ត​ព្រះសង្ឃសូត្រ​មន្ត​បន្សុកូលឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធបុព្វការីជនដែលបានចែកឋាន ព្រមទាំង​វិញ្ញាណ​ក្ខន្ធវីរៈកងទ័ពខ្មែរ ដែលបានពលីក្នុងបុព្វហេតុជាតិ និងទឹកដី។

ក្រៅពីសូត្រមន្តបង្សុកូលហើយនោះ ព្រះសង្ឃ ដឹកនាំដោយសម្តេចព្រះពុទ្ធ​ជ័យ​មុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះ​រាជា​ណា​ចក្រកម្ពុជា និងជាព្រះគ្រូសូត្រស្តាំវត្តបទុមវតី បានសូត្រពុទ្ធ​ជ័យ​ប្រោសព្រំ​ប្រសិទ្ធ​ពរ​ជ័យ​សិរីមហាប្រសើរកើតមានដល់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នក​ឧកញ៉ា គៀន ស្រីនាង ព្រមបុគ្គលិកប្រុសស្រីគ្រប់រូបដែល​មានក្តីជ្រះថ្លា ចូលរួមកាន់បិណ្ឌទី១០ នៅវត្តបទុមវតី។ នៅក្នុងឱកាសសម្តេចសង្គហបណ្ឌិត ម៉ែន សំអន លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏បានក្តីជ្រះថ្លា​ចំពោះ​ព្រះធម៌ ហើយបាននិមន្តសម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ សម្តែងព្រះធម៌ទេសនា ដើម្បីបានយល់ដឹងបន្ថែមពីការធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ក្នុងឱកាសនៃការកាន់បិណ្ឌនោះ សម្តេចព្រះពុទ្ធ​ជ័យ​មុនី បណ្ឌិត ឃឹម សន ក៏មានថេរ​ដី​កា​កោតសរសើរ​ចំពោះ​លោកអ្នក​ឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ជា​ព្រះ​ពុ​​ទ្ធ​សាស​និកជន ដែលមានសទ្ធាយ៉ាង​មុត​មាំ​ចំពោះព្រះពុទ្ធសាសនា ហើយតែង​បាន​លះ​បង់ទ្រព្យធនរបស់ខ្លួនជួយទ្រទ្រង់ដល់​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា។

លុះដល់ព្រឹកថ្ងៃ ១០​រោច ខែភទ្របទ ឆ្នាំ​មមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នក​ឧកញ៉ា គៀន ស្រីនាង ព្រមទាំង​បុគ្គលិកទាំងអស់ បានជួបជុំគ្នារៀបចំពិធីប្រគេន​ទេយ្យ​ទាន​មាន​ចង្ហាន់ ស្លាដក់ បច្ច័យ និងគ្រឿងឧបភោគបរិភោគនានា ប្រគេនដល់ព្រះសង្ឃ។

បន្ទាប់​​ពីនោះ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំង​បុគ្គលិក​ទាំងអស់ បាន​រួម​គ្នាធ្វើពិធីរាប់បាត្រ។ បន្ទាប់ពីពិធីរាប់បាត្រហើយនោះ លោកតាអាចារ្យ ក៏បានដឹកនាំពិធីវេរចង្ហាន់ និង​ទេយ្យ​ទាន​ទាំងឡាយប្រគេនដល់​ព្រះសង្ឃ ព្រមទាំងបានឧទ្ទិសមហាកុសលទាំងឡាយជូនដល់បុព្វការីជន ដែលបានធ្វើមរណកាល និងវីរៈកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងទឹកដី។

ក្នុងពិធីកាន់បិណ្ឌទី១០នេះ ក្រៅតែបំពេញទានតាមលំអានប្រពៃណីព្រះពុទ្ធសាសនា​ហើយនោះ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏បានបំពេញ​ទាន​ជាមួយលោកតាលោកយាយ ក៏ដូចជា​សិស្សា​នុសិស្ស​ដែល​កំពុង​ស្នាក់នៅក្នុងវត្ត​។ ពិធី​បុណ្យកាន់បិណ្ឌទី១០ ត្រូវបានបញ្ចប់ទៅដោយបរិយាកាស​​សប្បាយ​រីករាយ​ និងពោរ​ពេញ​ដោយទឹកចិត្តជ្រះថ្លាជាទីបំផុត។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌវេនទី១០ នៅវត្តបទុមវតីរាជវរារាមនេះ លោកអ្នក​ឧកញ៉ា បណ្ឌិត មហាករុណាធម្មសិរីវិសុទ្ធិមុនី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា មហាធម្មរតនវិសុទ្ធិ អគ្គមហាឧបាសិកា ពុទ្ធ​សាស​នូបត្ថម្ភក៍ គៀន ស្រីនាង បាននាំយកទេយ្យទានប្រគេនវត្តរួមមាន៖ អង្ករ ២តោន មីជាតិ ១៨​កេស ស្ករសបាវ ទឹកដោះគោ ៥កេស ទឹកសុទ្ធ ៥០កេស ទឹកសណ្តែក ៥០កេស ទឹកក្រូច ២០កេស ទឹកផ្លែឈើ ២០កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ ១០យួរ អំបិល ២០​គីឡូក្រាម បច្ច័យសម្រាប់តម្កល់ជើងបិណ្ឌការកសាង ៦០.០០០.០០០រៀល។

ក្រៅពីនោះលោកទាំងពីរ ក៏បានប្រគេនបច្ច័យដល់បានប្រគេនបច្ច័យដល់​សម្ដេច​ព្រះ​មហា​សង្ឃរាជ នន្ទ ង៉ែត ៤.០០០.០០០រៀល សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ៤.០០០.០០០រៀល សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ២.០០០.០០០រៀល ព្រមទាំង​បច្ច័យប្រគេនព្រះសង្ឃ ជូនអាចារ្យ តាជី-យាយជី និងសិស្ស-និស្សិត ៥៣១អង្គ/នាក់។ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០នេះ ចំណាយថវិកាសរុប ២៥០.០០០.០០០រៀល។

ក្រៅពីពិធីបុណ្យកាន់បិណ្ឌខាងលើនេះ ក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសាខានៃក្រុមហ៊ុន ទ្រី ភាព គ្រុប ក្រោមការដឹកនាំរបស់លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានប្រតិបត្តិពិធីកាន់​បិណ្ឌ​តាមវេននៅទីវត្តអារាមក្នុងតំបន់ក្រុមហ៊ុននីមួយៗផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក៏ដូចជាស្រុកប្រាសាទបល័ង្ក ខេត្តកំពង់ធំ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានចូលរួម​កាន់​​បិណ្ឌនៅវត្តអារាម តាមបណ្ដាឃុំមូលដ្ឋាន៕